ហាងឆេងមាសមានភាពប្រែប្រួលខ្លាំងនាពេលថ្មីៗនេះ ខណៈភាគហ៊ុនរបស់ឥណ្ឌា ដំណើរការមិនសូវល្អ ដោយផ្សារភាគហ៊ុនឥណ្ឌា Nifty 50 បានធ្លាក់ចុះជិត២%នៅឆ្នាំនេះ។ កំពូលមហាសេដ្ឋីលំដាប់ទី១នៅអាស៊ីលោក Mukesh Ambani បានលើកឡើងថា ប្រាក់សន្សំភាគច្រើនដែលពលរដ្ឋឥណ្ឌា ដាក់សន្សំតាមរយៈការវិនិយោគលើមាស និងប្រាក់ គឺមិនបានចំណេញនោះទេ ខណៈដែលប្រាក់ដែលវិនិយោគលើទីផ្សារភាគហ៊ុនកើនឡើងជាលំដាប់ទៅតាមពេលវេលា។
ក្រុមហ៊ុន Reliance Industries និងក្រុមហ៊ុន BlackRock បានដាក់ឱ្យដំណើរការមូលនិធិសង្គហៈ ដែលជាមូលនិធិវិនិយោគមួយប្រភេទនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន តាមរយៈក្រុមហ៊ុន Jio BlackRock Asset Management។
តួលេខបង្ហាញថា ប្រជាជនឥណ្ឌាស្ថិតក្នុងចំណោមអ្នកទិញមាសច្រើនជាងគេបំផុត ប៉ុន្តែការដាក់សន្សំតាមរយៈការវិនិយោគលើមូលនិធិសង្គហៈ កំពុងពេញនិយមកាន់តែខ្លាំងឡើង។ ក្រុមហ៊ុន Bain & Company បានប៉ាន់ប្រមាណថា ទ្រព្យសកម្មនៃមូលនិធិសង្គហៈនៅឥណ្ឌា នឹងកើនឡើងពី៥០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ឈានដល់៣,៣ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣៥។ ប្រជាជនឥណ្ឌា នៅតែរក្សាទុកទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេជាមាស និងអចលនទ្រព្យ គឺមានចំនួន៥៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹង៦៦% ក្នុងឆ្នាំ២០១៥។
នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Larry Fink និយាយថា ចន្លោះពី២០ទៅ២៥ឆ្នាំខាងមុខនឹងឈានដល់យុគសម័យនៃប្រទេសឥណ្ឌា ហើយការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យមនុស្សទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ប្រទេសនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករថា ប្រទេសឥណ្ឌានឹងសម្រេចបានកំណើន GDP ក្នុងរង្វង់៦,៤% នៅឆ្នាំ២០២៦ បើធៀបនឹងអត្រាកំណើនសេដ្ឋកិច្ចពិភពលោកក្នុងអត្រា៣,៣% និងលឿនជាងសេដ្ឋកិច្ចធំៗដូចជាអាល្លឺម៉ង់ ចក្រភពអង់គ្លេស ឬ ជប៉ុន។
លោក Larry Fink បានកត់សម្គាល់ថា នៅសហរដ្ឋអាម៉េរិក ប្រជាជនដែលបានវិនិយោគលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស គឺមានជីវភាពធូរធារជាងអ្នក ដែលគ្រាន់តែរក្សាទុកប្រាក់នៅក្នុងគណនីធនាគារឆ្ងាយណាស់។ លោករំពឹងថា ទីផ្សារភាគហ៊ុនឥណ្ឌា នឹងកើនឡើងទ្វេដង ឬ១គុណនឹង៣ ឬ៤ ដងក្នុងរយៈពេល២០ឆ្នាំខាងមុខ គឺមិនដូចមាសនោះឡើយ៕
ដោយ: តែម សុខុម