វិស័យការងារ

វិបត្តិអត់ការងារធ្វើរបស់យុវជនអាស៊ីឈានដល់ចំណុចប្រកាសអាសន្ន ខណៈសង្គ្រាមនៅអ៊ីរ៉ង់បន្ថែមសម្ពាធសេដ្ឋកិច្ច


ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានព្រមានថា វិបត្តិសេដ្ឋកិច្ចបន្ទាប់របស់អាស៊ី ប្រហែលមិនមែនកើតចេញពីបញ្ហាបំណុលនោះទេ ប៉ុន្តែគឺចេញពីរលកនៃភាពអត់ការងារធ្វើរបស់យុវជនរាប់លាននាក់។ បច្ចុប្បន្នតំបន់អាស៊ី ជាពិសេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងបញ្ហាល្បឿននៃការបង្កើតការងារមិនទាន់កំណើនកម្លាំងពលកម្ម ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ កំពុងបង្កើនសម្ពាធកាន់តែខ្លាំងលើខ្សែច្រវាក់ផលិតកម្ម និងការជួលបុគ្គលិក។
វិស័យការងារ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia គិតត្រឹមថ្ងៃទី៣ ខែមេសា យុវជនប្រមាណ៦៥លាននាក់នៅទូទាំងសកលលោកកំពុងស្ថិតក្នុងស្ថានភាពគ្មានការងារធ្វើ។

​​អ្នកជំនាញលើកឡើងថា បញ្ហាប្រឈមសេដ្ឋកិច្ចបន្ទាប់របស់អាស៊ី ប្រហែលមិនមែនកើតចេញពីបំណុលនោះទេ ប៉ុន្តែមកពីការកើនឡើងនៃអត្រាអត់ការងារធ្វើរបស់យុវជន ដោយសារយុវជនរាប់លាននាក់ជួបការលំបាកក្នុងការស្វែងរកការងារ ខណៈដែលសេដ្ឋកិច្ចកាន់តែធ្លាក់ដុនដាប ហើយសង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរ។ បញ្ហានេះកំពុងកើនឡើងពាសពេញតំបន់អាស៊ី ជាពិសេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលចំនួនយុវជនយ៉ាងច្រើនបានហក់ចូលក្នុងកម្លាំងពលកម្មលឿនជាងការបង្កើតការងារ ដែលមានន័យថា សម្បូរមនុស្សធ្វើការតែខ្វះការងារ។ ទោះបីជាកម្រិតនៃការអប់រំកើនឡើងយ៉ាងណាក៏ដោយ ក៏ប្រទេសជាច្រើនមិនបានផ្តល់នូវឱកាសការងារដែលមានស្ថិរភាព និងប្រាក់បៀវត្សរ៍គ្រប់គ្រាន់ដែលអាចរស់បានសមរម្យនោះឡើយ។

ពេលនេះ ស្ថានភាពនេះ កាន់តែអាក្រក់ទៅៗ ដោយសារសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងបន្តអូសបន្លាយ ដែលបានជំរុញឱ្យប្រេងឥន្ធនៈឡើងថ្លៃ និងអតិផរណាហក់ឡើងខ្ពស់។ ការចំណាយខ្ពស់ និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងកំពុងធ្វើឱ្យសកម្មភាពអាជីវកម្មមានភាពយឺតយ៉ាវ ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានការប្រុងប្រយ័ត្នចំពោះការជួលបុគ្គលិក ដែលភាគច្រើនមានតែកាត់ជម្រុះជាជាងជ្រើសរើសបុគ្គលិកចូលបន្ថែម។

នៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ីជាដើម ចំនួននិស្សិតបញ្ចប់ការសិក្សានៅតែបន្តកើនឡើង ប៉ុន្តែឱកាសការងារមិនកើនឡើងច្រើនទៅតាមនោះទេ។ កម្មករនិយោជិតវ័យក្មេងជាច្រើនត្រូវបង្ខំចិត្តធ្វើការងារ ដែលមានប្រាក់ខែទាប ឬគ្មានស្ថិរភាព ជាពិសេសនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ កម្មករនិយោជិតអាស៊ីរាប់លាននាក់នៅក្នុងបណ្ដាប្រទេសឈូងសមុទ្រ ដូចជាអេមីរ៉ាតអារ៉ាប់រួមជាដើម ប្រឈមមុខនឹងភាពមិនប្រាកដប្រជា ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងគំរាមកំហែងដល់ការងារ និងរំហូរប្រាក់បញ្ញើត្រលប់ទៅស្រុក។ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក៏កំពុងធ្វើឱ្យទីផ្សារការងារប្រែប្រួលខ្លាំងផងដែរ ដោយបានបន្ថែមសម្ពាធបថែមទៀតទៅលើយុវជន។

ក្រុមអ្នកសេដ្ឋកិច្ចព្រមានថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេ ភាពអត់ការងារធ្វើរបស់យុវជនខ្ពស់អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ បង្កើនវិសមភាពសង្គម ហើយនឹងប្រែក្លាយចំនួនប្រជាជនវ័យក្មេងដ៏ច្រើននៅអាស៊ីពីគុណសម្បត្តិដ៏សំខាន់ទៅជាហានិភ័យសេដ្ឋកិច្ចធ្ងន់ធ្ងរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនពាក់ព័ន្ធនឹងកូនប្រុសលោក ត្រាំ កំពុងផ្សព្វផ្សាយ ដើម្បីលក់ដ្រូនប្រឆាំងដ្រូននៅមជ្ឈិមបូព៌ា

ចំពេលដែលជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងរីករាលដាលខ្លាំងជិតឈានចូលសប្តាហ៍ទី៦ ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយ ដែលគ…

មេ SME អះអាងថា អាជីវកម្មផលិតក្នុងស្រុកភាគច្រើនសុទ្ធចិត្តកាត់បន្ថយប្រាក់ចំណេញ ជាជាងដំឡើងថ្លៃទំនិញ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ

អ្នកផលិត និងអ្នកដឹកជញ្ជូនក្នុងស្រុកបានរួមដៃគ្នាទប់តម្លៃទំនិញ និងថ្លៃដឹកជញ្ជូនមិនឱ្យហក់ឡើងខ្ពស់ទៅតាមតម្លៃប្រេងឥន្ធនៈ ខណៈពួកគេបានកាត់បន្ថយប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ