លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា មុនរដូវកាល High Season ចូលមកដល់ ប្រតិបត្តិករទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានា ជាពិសេសខេត្តសៀមរាប បានរៀបចំផ្សព្វផ្សាយពីផលិតផល និងសេវាកម្មទេសចរណ៍ ពង្រឹងសមត្ថភាព និងទីផ្សារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធតាំងពីរដូវកាលបៃតង ឬ Green Season មកម៉្លេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងរដូវកាល High Season នេះ។ បើតាមអ្នកជំនាញរូបនេះនៅតាមបណ្ដាស្ថាប័នពាណិជ្ជកម្មគ្រប់ខេត្តទាំងអស់ ត្រូវតែរៀបចំរូបភាពពាណិជ្ជកម្មរបស់ខ្លួន ដោយធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យហើយនៅសក្ដានុពលទេសចរក្នុងបណ្ដាខេត្តទាំងអស់នោះ ឱ្យបានមុនរដូវកាល High Season ចូលមកដល់ ពោលគឺគួរយកខេត្តសៀមរាប ធ្វើជាគំរូរជាដើម។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា សង្កេតឃើញថា បច្ចុប្បន្ននេះ កម្ពុជា ទទួលបានភ្ញៀវទេសចរចូលមកកម្សាន្តយ៉ាងច្រើនកុះករ ក្រោយកម្ពុជាដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាមានការតភា្ជប់ជើងហោះហើរត្រង់ជាមួយបណ្ដាប្រទេសនៅប៉ែកអឺរ៉ុប គួបផ្សំមានការអំណោយផលពីអាកាសធាតុ។ បើតាមប្រធានសមាគមទេសចរណ៍រូបនេះ នៅក្នុងរដូវកាល High Season ចន្លោះពីខែតុលា ដល់ខែមីនា ឆ្នាំ២០២៦ ប្រតិបត្តិករទេសចរណ៍ទាំងអស់គួរនាំគ្នាច្នៃប្រឌិតផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែមានភាពសម្បូរបែប និងមានលក្ខណៈប្លែកៗ។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការរៀបចំសណ្ដាប់ធ្នាប់សារធារណៈឱ្យមានផ្លូវថ្មើរជើងជារឿង ដែលចាំបាច់បំផុត ជាក់ស្ដែងតាមរយៈសកម្មភាពរំដោះចិញ្ចើមផ្លូវរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យនាពេលថ្មីនេះ បានចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ដែលនៅតាមបណ្ដាខេត្តនានាគួរយកគំរូតាម។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចៀសវាងឱ្យខាងតែបាននូវការកេងបន្លំបោកប្រាស់ភ្ញៀវទេសចរ ដែលទៅទទួលសេវាកម្ម ខណៈនៅរដូវកាលសម្បូរភ្ញៀវទេសចរនេះមានចរន្តភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរចូលមកកម្ពុជា មានចំនួនច្រើន។ ទន្ទឹមនឹងនេះ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមជួយជំរុញវិស័យទេសចរតាមរយៈការរៀបចំឱ្យមានរបៀបរាបរយល្អនៅទីសារធារណៈ ជាពិសេសចរាចរយានយន្តនៅលើដងផ្លូវ។
បើតាមអ្នកជំនាញក្នុងវិស័យទេសចរ បានឱ្យដឹងថា ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរនារដូវកាលសម្បូរភ្ញៀវទេសចរ ឬ High Season ដើម្បីផ្ដល់បទពិសោធន៍យ៉ាងសម្បូរបែបទៅតាមតំបន់នីមួយៗ។ ជាមួយគ្នានេះ អ្នកជំនាញ ក៏បានស្នើដល់បណ្ដាខេត្តទាំងអស់គួរធ្វើទីផ្សារផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តខ្លួន ដោយយកខេត្តសៀមរាប ធ្វើជាគំរូ ខណៈអំឡុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក កាលពីកន្លងទៅ ខេត្តនេះទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ៕
អត្ថបទ៖ ជា ម៉ារ៉ា