ចំណីអាហារ

អ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យគុណភាពទំនិញនាំចូល ក្រោយអាជ្ញាធរវៀតណាម បង្ក្រាបបានទំនិញក្លែងក្លាយ និងខូចគុណភាពជាបន្តបន្ទាប់


នៅមួយរយៈពេលចុងក្រោយនេះ ព័ត៌មាននៃការរកឃើញសារធាតុគីមីក្នុងអាហារហូបចុកនៅប្រទេសវៀតណាម រាប់ចាប់ពីសាច់ខ្យង គ្រឿងទេស រហូតដល់កាហ្វេកំពុងបង្កជាកង្វល់កម្រិតអាសន្នដល់សុខភាពសាធារណៈ។ ស្របពេលដែលសត្រូវលាក់មុខទាំងនេះ កំពុងវាយលុកក្នុងស្រុកវៀតណាម ក្រុមអ្នកតាមដានសង្គមនៅកម្ពុជា ស្នើឱ្យរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសក្បែរខាងកម្ពុជា មួយនេះ និងទំនិញមកពីប្រទេសផ្សេងៗទៀត ដើម្បីធានាថា រាល់ទំនិញនាំចូលទាំងអស់មិនបង្កបញ្ហាដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ចំណីអាហារ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានចាត់ទុកការរកឃើញផលិតផលមួយចំនួនមានផ្ទុកសារធាតុគីមីពីសំណាក់អាជ្ញាធរវៀតណាម វាជាសារដាស់តឿនមួយសម្រាប់កម្ពុជា ឱ្យមានការប្រុងប្រយ័ត្នក្នុងការនាំចូលទំនិញពីប្រទេសក្បែរមួយនេះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ពលរដ្ឋមិនមានសមត្ថភាព ឬភ្នែកទិព្វអាចមើលដឹងថា ផលិតផលណាមួយមានផ្ទុកសារធាតុគីមី ឬខូចគុណភាពនោះទេ ដូច្នេះមានតែអាជ្ញាធរតាមច្រកទ្វារ និងមន្ត្រីគយប៉ុណ្ណោះ ដែលជាខែលការពារដ៏សំខាន់បំផុត។ ជាមួយគ្នានេះ លោក ជំរុញឱ្យមានការបិទចន្លោះប្រហោងតាមព្រំដែនជាជាងចាំដេញតាមបង្ក្រាបទំនិញ ដែលចែកចាយរួចទៅហើយនៅក្នុងស្រុក។

​ស្រដៀងគ្នានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា គួរតែដល់ពេលពង្រឹងការអនុវត្តលើការនាំចេញ និងនាំចេញទំនិញតាមច្រកព្រំដែនសំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវស្ដង់ដា និងគុណភាព ដើម្បីការពារដល់សុខមាលភាពសង្គម តាមរយៈកំណែទម្រង់ជម្រុះមន្ត្រីដែលអសកម្ម និងជំនួសដោយមន្រ្តីដែលមានភាពច្បាស់លាស់ក្នុងការការពារទប់ស្កាត់ការហូរចូលទំនិញគ្មានគុណភាពនៅតាមព្រំដែន។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ នឹងគួរងាកមកគាំទ្រផលិតផលក្នុងស្រុក ព្រោះវាអាចផ្ដល់ទំនុកចិត្តខ្ពស់ជាងទំនិញនាំចូល។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សម្រាប់មុខទំនិញដែលនាំចូលពីក្រៅប្រទេសមិនថា មានប្រភពមកពីប្រទេសវៀតណាម ឬប្រទេសណានោះទេ គឺអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំតែងតែចុះត្រួតពិនិត្យ និងអន្តរាគមន៍បង្រ្កាបជានិច្ច។ បើតាមអ្នកនាំពាក្យរូបនេះ ការយកចិត្តទុកដាក់ត្រួតពិនិត្យចំពោះចំណីអាហារ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ គឺជារឿងដែលសំខាន់ និងជារឿងដែលចាំបាច់ត្រូវធ្វើ។

​អ្នកជំនាញយល់ឃើញថា រដ្ឋាភិបាលគួរតែមានការលើកទឹកចិត្តដល់មន្រ្តីណា ដែលសកម្មក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលទំនិញដែលខូចគុណភាពមិនឱ្យនាំចូលមកក្នុងស្រុក និងដាក់ទោសទណ្ឌចំពោះមន្រ្តីណាដែលប្រព្រឹត្តកំហុស និងទទួលសំណូកពីក្រុមឈ្មួញ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការត្រួតពិនិត្យគុណភាពទំនិញនាំចូលឱ្យកាន់តែមានភាពប្រសិទ្ធភាព៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


យន្តហោះផលិតដោយក្រុមហ៊ុនរដ្ឋចិន Comac កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus របស់លោកខាងលិច

យន្ដហោះរបស់ក្រុមហ៊ុនរដ្ឋចិន Comac ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍យន្តហោះសិង្ហបុរី (Singapore Airshow) បានទទួលការចាប់អារម្មណ៍ខ្លាំង …

ការអនុវត្តវិធានការលើជនបរទេសលើសគោលការណ៍ច្បាប់អាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនយ៉ាងណាដែរ?

ការរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេសតាមទីតាំងប្រមូលផ្តុំ និងដងផ្លូវនានា ត្រូវបានគេរំពឹងថា នឹងជួយស្តារសន្តិសុខសណ្តាប់ធ្នាប់សង្គមឡើងវិញ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ