
លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន យល់ឃើញថា ចំណាត់ការរឹតបន្តឹងលើការនាំចូលផ្លែទុរេនពីប្រទេសជិតខាងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើឱ្យពលរដ្ឋកាន់តែមានទំនុកចិត្តលើអាជ្ញាធរ ហើយប្រសិនបើការអនុវត្តវិធានការនេះមានប្រសិទ្ធភាព វានឹងធ្វើឱ្យផ្លែទុរេនក្នុងស្រុកកាន់តែមានទីផ្សារល្អ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធគួរយកឱកាសបច្ចុប្បន្នពង្រីកវិសាលភាពទីផ្សារសម្រាប់ផ្លែទុរេនកម្ពុជា ទៅកាន់ប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត។ តែយ៉ាងណាលោករំពឹងថា តាមរយៈវិធានការរឹតបន្តឹងនេះ វានឹងរួមចំណែកជួយទប់ស្កាត់ផលប៉ះពាល់នានា ពិសេសជួយលើកកម្ពស់វិស័យកសិកម្ម និងជីវភាពរបស់កសិករខ្មែរផងដែរ។
ដោយឡែក លោក ឃឹម ប៊ុនឡែន ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានចាត់ទុកការដាក់ចេញវិធានការ៤ចំណុចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជាការរួមចំណែកដ៏សំខាន់មួយក្នុងការទប់ស្កាត់ការហូរចូលផ្លែទុរេនពីប្រទេសជិតខាង។ តែយ៉ាងណាលោកហាក់បារម្ភពីភាពខ្វះចន្លោះក្នុងការអនុវត្ត និងសមត្ថភាពក្នុងការត្រួតពិនិត្យរកសារធាតុគីមីផ្សេងៗរបស់មន្ត្រីពាក់ព័ន្ធនៅតាមព្រំដែន ដោយសារកង្វះឧបករណ៍ត្រួតពិនិត្យទំនើបៗ។ ជាមួយគ្នានេះ លោកបានផ្តល់ជាការយល់ឃើញថា ដើម្បីទប់ស្កាត់ការហូរចូលផ្លែទុរេនពីប្រទេសជិតខាងឱ្យមានប្រសិទ្ធភាព លុះណាតែការអនុវត្តត្រូវឈរលើគោលការណ៍តម្លាភាព និងឯករាជ្យប្រកបដោយឆន្ទៈខ្ពស់ នោះទើបធ្វើឱ្យពលរដ្ឋ និងកសិករមានទំនុកចិត្តមកលើមន្រ្តីដែលអនុវត្តការងារ។
បន្ថែមលើនេះលោក ឃឹម ប៊ុនឡែន បានស្នើដល់មន្រ្តីមានសមត្ថកិច្ចគួរចុះត្រួតពិនិត្យស្វែងរកសារធាតុគ្រោះថ្នាក់ដល់សុខភាពនៅតាមទីតាំងលក់ផ្លែទុរេននានា ដើម្បីស្វែងរកប្រភពឱ្យបានច្បាស់លាស់ និងកាត់ផ្ដាច់ឬសគល់ការនាំចូលខុសច្បាប់។ ជាមួយគ្នានេះ អ្នកជំនាញដំណាំទុរេនរូបនេះ ក៏បានស្នើដល់ម្ចាស់ចម្ការ និងអាជីវករ ត្រូវគិតគូរលើគុណភាពផ្លែទុរេន ខណៈកន្លងមកលោកសង្កេតឃើញថា ការធ្វើអាជីវកម្មមួយចំនួនមិនបានត្រឹមត្រូវនោះឡើយ ដោយសារតែម្ចាស់ចម្ការ និងអាជីវករខ្លះបានកាត់ផ្លែទុរេនពុំទាន់គ្រប់អាយុកាល ហើយជ្រលក់សារធាតុនានា មកលក់នៅលើទីផ្សារ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីៗនេះបានណែនាំឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬខូចគុណភាព ត្រូវចាត់ចែងប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្ត។ ការដាក់ចេញវិធានការនេះ ធ្វើឡើងស្របពេលមានសេចក្ដីរាយការណ៍ពីការចាល់ផ្លែទុរេននៅប្រទេសជិតខាងកម្ពុជា កំពុងចាល់នៅក្នុងទីផ្សារ ក្រោយចិន រឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក៕
អត្ថបទ៖ បូ ដូឡា