យោងតាមលិខិតផ្លូវការរបស់ គ.ល.ក. កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ការសម្រេចនេះធ្វើឡើងក្រោយអាជ្ញាធរបានស៊ើបអង្កេត និងប្រមូលភស្តុតាងបញ្ជាក់ថា ទីតាំងកាស៊ីណូ “ហ្គាន់ដាវ” ត្រូវបានប្រើប្រាស់ជាគន្លងសម្រាប់ប្រតិបត្តិការបោកប្រាស់តាមបច្ចេកវិទ្យា ដែលមានលក្ខណៈជាបណ្តាញរៀបចំ និងមានការចូលរួមពីជនជាតិបរទេសជាច្រើន។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងកាស៊ីណូខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ដោយបានធ្វើការនាំខ្លួន ជនសង្ស័យចំនួន ១០៨នាក់ ក្នុងនោះ ជនជាតិចិន ១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ៣នាក់ ហើយបានដកហូតវត្ថុតាងនានា ជាអាទិ៍ កុំព្យូទ័រជិត ៥០០គ្រឿង និងទូរសព្ទដៃជាង ១ពាន់គ្រឿង។
អាជ្ញាធរបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានរំលោភលក្ខខណ្ឌអាជ្ញាបណ្ណយ៉ាងធ្ងន់ធ្ងរ និងមិនអនុវត្តតាមបទប្បញ្ញត្តិ ដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនោះឡើយ។ ដូច្នេះ ការដកហូតអាជ្ញាបណ្ណ គឺជាវិធានការច្បាស់លាស់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ និងការពារសុវត្ថិភាពសង្គម។
បន្ថែមពីនេះ គ.ល.ក. បានអំពាវនាវឱ្យក្រុមហ៊ុនល្បែងពាណិជ្ជកម្មទាំងអស់ គោរពយ៉ាងតឹងរឹងតាមច្បាប់ និងជៀសវាងការចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីរក្សាបរិយាកាសវិនិយោគ និងភាពជឿជាក់ក្នុងវិស័យនេះ។
គួរបញ្ជាក់ថា ការដកហូតអាជ្ញាបណ្ណក្រុមហ៊ុន “ហ្គាន់ ដាវ” គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញបោកប្រាស់អនឡាញ ដែលកំពុងកើនឡើង និងប៉ះពាល់ដល់សន្តិសុខសង្គម និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។