វិស័យពាណិជ្ជកម្ម

បង់ក្លាដែសដែលជាគូប្រជែងមួយរបស់កម្ពុជា ទទួលបានការបន្ថយពន្ធគយពីអាម៉េរិកមកនៅត្រឹម១៩%


ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងមួយរបស់កម្ពុជា ក្នុងវិស័យនាំចេញផលិតផលវាយនភណ្ឌ ទទួលបានការបន្ថយពន្ធគយពីសហរដ្ឋអាម៉េរិក មកនៅត្រឹម១៩% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដោយស្មើនឹងកម្រិតដែលអាម៉េរិក ដាក់មកលើកម្ពុជា។ ការបញ្ចុះពន្ធនេះ ចង់ ឬមិនចង់នឹងធ្វើឱ្យការប្រកួតប្រជែងរបស់កម្ពុជានឹងកាន់តែមានភាពស្វិតស្វាញជាងមុន។ សូមបញ្ជាក់ថា ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដែស មានទំហំរហូតដល់ទៅជាង៣៨ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
វិស័យពាណិជ្ជកម្ម
ដោយ

សហរដ្ឋអាម៉េរិក និងប្រទេសបង់ក្លាដែស កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលមានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី។ ក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញមួយចំនួនរបស់បង់ក្លាដែស ជាពិសេសផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ អាចចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដោយគ្មានពន្ធគយ ប៉ុន្តែលុះត្រាតែពួកគេប្រើប្រាស់កប្បាស និងសរសៃអំបោះដែលផលិតនៅសហរដ្ឋអាម៉េរិក។

ជាថ្នូរត្រលប់មកវិញ បង់ក្លាដែស បានយល់ព្រមផ្ដល់ការអនុគ្រោះដល់ទំនិញជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។ ពន្ធគយនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យភាគរយលើផលិតផលរបស់សហរដ្ឋអាម៉េរិក ដូចជាសាច់មាន់ សាច់ជ្រូក គ្រឿងសមុទ្រ អង្ករ ពោត និងធញ្ញជាតិ នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ហើយផលិតផលផ្សេងៗទៀតរួមទាំងគ្រាប់អាល់ម៉ុន នឹងត្រូវកាត់បន្ថយពន្ធគយមកនៅត្រឹមសូន្យភាគរយក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ។ ទំនិញឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក ដូចជាសារធាតុគីមី គ្រឿងចក្រ ឧបករណ៍វេជ្ជសាស្ត្រ និងយានយន្ត ក៏នឹងទទួលបានការអនុគ្រោះពន្ធផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតរបស់ប្រទេសបង់ក្លាដែស ដែលមានទំហំរហូតដល់ជាង៧,៣ពាន់លានដុល្លារនៅឆ្នាំ២០២៤។ ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដែស ដែលមានទំហំជាង៣៨,៤ពាន់លានដុល្លារ មានទំហំគ្របដណ្ដប់រហូតដល់ទៅជាង៨០% នៃការនាំចេញសរុប និងផ្ដល់ការងារដល់ពលរដ្ឋប្រមាណ៤លាននាក់ ទោះបីជាប្រទេសនេះប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីប្រទេសនានាដូចជាឥណ្ឌា និងវៀតណាមយ៉ាងណាក្ដី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនរុករកមាសដ៏ធំមួយរបស់ចិន មានមហិច្ឆតាចង់ក្លាយជាអ្នកផលិតមាសលំដាប់កំពូលទាំង៣ នៅលើពិភពលោក

ក្រុមហ៊ុនរុករករ៉ែមាស ដែលគ្រប់គ្រងដោយរដ្ឋចិនដ៏ធំមួយមានមហិច្ឆតាចង់ក្លាយជាអ្នកផលិតមាស និងទង់ដែងកំពូលទាំង៣របស់ពិភពលោកតាមរយៈការទិញយកទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ