កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក ណូរ៉ាសេត ផ្រៈឆាយ៉ាកន (Noraseth Pratchayakorn) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាថៃ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុសទាក់ទងនឹងក្តីបារម្ភ ដែលភាគីជាច្រើនបានលើកឡើងពាក់ព័ន្ធនឹងការសម្ងាត់ក្នុងការបោះឆ្នោត ដោយសារតែមានលេខបាកូដនៅលើបណ្ណបោះឆ្នោត។ លោកបានសង្កត់ធ្ងន់ថា បើបណ្ណបោះឆ្នោតមានបង្កប់លេខបាកូដ ដែលអាចអនុញ្ញាតឱ្យគេត្រួតពិនិត្យថយក្រោយ ដើម្បីដឹងថា បុគ្គលណាបោះឆ្នោតឱ្យបក្សណានោះ វានឹងធ្វើឱ្យការបោះឆ្នោតបាត់បង់តម្លៃជាសម្ងាត់ភ្លាមៗ។
លោក ណូរ៉ាសេត បានចោទសួរជាសំណួរថា តើវាជារឿងសម្ងាត់ដែរឬទេ បើមានលេខបាកូដបែបនេះ? ការបោះឆ្នោតជាសម្ងាត់ មិនមែនបញ្ចប់ត្រឹមតែពេលអ្នកបោះឆ្នោតដើរចូលក្នុងបន្ទប់សម្ងាត់នោះទេ ប៉ុន្តែវាត្រូវតែធានាថា គ្មាននរណាម្នាក់អាចតាមដានសន្លឹកឆ្នោតនោះបាននៅពេលក្រោយឡើយ។ លោកបានបន្ថែមថា ប្រសិនបើគេអាចដឹងពីអត្តសញ្ញាណម្ចាស់ឆ្នោត វានឹងបង្កឱ្យមានអំពើពុករលួយ ការទិញទឹកចិត្ត ការបង្ខិតបង្ខំ និងការគ្រប់គ្រងលើឆន្ទៈរាស្ត្រ។ ដូច្នេះ បើភាពសម្ងាត់ត្រូវបានរំលោភបំពាន ការបោះឆ្នោតលើកនេះអាចចាត់ទុកថា ជាបរាជ័យទាំងស្រុង។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃព្រឹទ្ធសភា ក៏បានផ្ញើលិខិតជាផ្លូវការទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដោយទាមទារឱ្យមានការពន្យល់ក្នុងរយៈពេល៧ថ្ងៃពាក់ព័ន្ធនឹងបញ្ហាខាងលើ។ ការទាមទារនេះធ្វើឡើងក្រោយមានបណ្តឹងថា ការបោះពុម្ពលេខបាកូដលើសន្លឹកឆ្នោត អាចជាការរំលោភលើរដ្ឋធម្មនុញ្ញ។ បច្ចុប្បន្នព្រឹទ្ធសភាកំពុងពិចារណាថា តើត្រូវបញ្ជូនរឿងនេះទៅកាន់តុលាការធម្មនុញ្ញដែរឬទេ ប៉ុន្តែប្រសិនបើរកឃើញថា មិនមានភស្តុតាង ឬទិន្នន័យច្បាស់លាស់សម្រាប់ចោទប្រកាន់ទេនោះ ករណីនេះនឹងត្រូវបញ្ឈប់វិញ៕
អត្ថបទៈ សួន ឡង់ទី