
លោក សៀម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា នេះ ស្ថានភាពសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបាត់ដំបង ពុំទាន់មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ។ បើតាមអភិបាលរងខេត្តរូបនេះ មកដល់ពេលនេះ អាជ្ញាធរបានត្រៀមផែនការរួចរាល់ហើយក្នុងការជួយសម្រួលដល់ពលរដ្ឋ ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន និងការជួយសម្រួលដល់ពលរដ្ឋដែលបានធ្វើដំណើរចូលមកកម្ពុជាវិញ។
បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែកក្កដា ភាគីថៃ បានចាប់ផ្ដើមពង្រាយកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា វាជាថ្ងៃទី៤ហើយ ដែលកងទ័ពស្រេកឃ្លានសង្គ្រាមរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកប្រតិបត្តិការយោធាដ៏គឃ្លើន និងមិនគោរពច្បាប់អន្តរជាតិ របស់កងទ័ពថៃ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពមិនត្រឹមតែនៅព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល៕