លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ម៉ាឡេស៊ីជាដៃគូរពាណិជ្ជកម្មដ៏ល្អមួយរបស់កម្ពុជា តាំងពីយូរមកហើយ ហើយនៅមួយរយៈចុងក្រោយនេះ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ សម្រាប់អ្នកជំនាញរូបនេះ ការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី នៅដើមឆ្នាំនេះ ត្រូវបានជំរុញដោយតម្រូវការនាំចូលទំនិញពីម៉ាឡេស៊ីមកកម្ពុជា ក្រោយពលរដ្ឋកម្ពុជា ធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ជំនួសដោយទំនិញម៉ាឡេស៊ីមួយចំនួន បន្ទាប់ពីកម្ពុជា រងការឈ្លានពានពីយោធាថៃ។ អ្នកជំនាញរូបនេះបានបន្ថែមថា តាមរយៈកត្តាខាងលើនេះ វាក៏បានក្លាយជាឱកាសសម្រាប់កម្ពុជាក្នុងការទទួលបានលំហូរទុនវិនិយោគពីម៉ាឡេស៊ីច្រើននៅដើមឆ្នាំ២០២៦ នេះផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កំណើនពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងម៉ាឡេស៊ី នៅ១ខែដំបូងដើមឆ្នាំ២០២៦ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនម៉ាឡេស៊ី ចំពោះកម្ពុជា កាន់តែប្រសើរឡើង ក្រោយកម្ពុជា មានស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចល្អ គួបផ្សំមានបរិយាកាសវិនិយោគកាន់តែទាក់ទាញ។ ម្យ៉ាងវិញទៀត វាក៏បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីថា នឹងនៅតែបន្តមានភាពរឹងមាំ និងមានសក្តានុពលខ្ពស់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ម៉ាឡេស៊ី បានក្លាយជាប្រភពទុនវិនិយោគធំជាងគេលំដាប់ទីពីរនៅកម្ពុជា បន្ទាប់ពីប្រទេសចិន នៅក្នុងខែមករា ឆ្នាំ២០២៦ ជាមួយទុនវិនិយោគប្រមាណជិត២០០លានដុល្លារ ដោយរួមចំណែកប្រមាណជាង២៦% នៃទំហំទុនវិនិយោគសរុបជាង៧៥១លានដុល្លារ។ យ៉ាងណាមិញនៅ១ខែដំបូងឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់ជាង១២៥លានដុល្លារកើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ី មានទឹកប្រាក់ជិត២២លានដុល្លារ កើនឡើងជាង៧៧% ខណៈកម្ពុជានាំចូលមកវិញមានទំហំជាង១០៣លានដុល្លារកើនឡើងជាង៣៦%៕