ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះរហូតដល់ឆ្នាំ២០៥០ កម្ពុជា ទំនងមិនមានតម្រូវការលំនៅឋានច្រើននោះទេ ដោយសារតែលំនៅឋានដែលសាងសង់រួចក្នុងពេលបច្ចុប្បន្ន មានចំនួនច្រើនជាងតម្រូវការស្នាក់នៅ។ នៅក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំរូបនេះ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ត្រូវលក់ចេញគម្រោងចាស់ និងរៀបចំផែនការអាជីវកម្មឡើងវិញ ដើម្បីឱ្យស្របតាមតម្រូវការ និងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានការប្រែប្រួល ។ សម្រាប់ឯកឧត្តម សាយ សំអាល់ ការសាងសង់លំនៅឋានតម្លៃសមរម្យចន្លោះពីជាង១ម៉ឺនដុល្លារទៅជាង២ម៉ឺនដុល្លារ គឺស័ក្ដិសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន ព្រោះការសាងសង់ក្នុងតម្លៃទីផ្សារបែបនេះកំពុងទទួលបានការគាំទ្រពីអ្នកដែលមានតម្រូវការស្នាក់នៅជាក់ស្តែង។
ជាមួយគ្នានេះ អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group ក៏បានកត់សម្គាល់ឃើញដែរថា លំនៅឋាន ឬខុនដូក្នុងរង្វង់តម្លៃចាប់ពី១ម៉ឺនដល់៤ម៉ឺនដុល្លារកំពុងក្លាយជាជម្រើសដ៏ពេញនិយម។ អ្នកជំនាញរូបនេះបន្ថែមថា តម្លៃនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលមានចំណូលខ្ទង់៥០០ដុល្លារក្នុងមួយខែ ដែលអាចឱ្យពួកគេមានលទ្ធភាពបង់រំលស់ដោយគ្មានសម្ពាធ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាក៏ដោយ។
ជុំវិញបញ្ហាក្នុងវិស័យសំណង់ ដែលកើតចេញពីវិបត្តិសកល រដ្ឋមន្ត្រីក្រសួងដែនដី បានបញ្ជាក់ថា ក្រសួងបានដោះស្រាយចេញជាបន្តបន្ទាប់ និងកំពុងខិតខំបញ្ចប់បញ្ហាដែលនៅសេសសល់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ទាំងអ្នកទិញ និងអ្នកវិនិយោគ៕
អត្ថបទ៖ បូ ដូឡា