
ពោលគឺ ទ្រព្យសម្បត្តិរបស់លោក ប៊ីល ហ្គេត អាចមានដល់ទៅ ១,២ទ្រីលានដុល្លារ ច្រើនជាង៣ដងបើធៀបនឹងទ្រព្យសម្បត្តិរបស់លោក Elon Musk ដែលមានប្រមាណជាង ៤០០ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមយោងតាមទិន្នន័យរបស់ទស្សនាវដ្ដី Forbes។
គេនៅចាំបានថា នៅមុនពេលក្រុមហ៊ុន Microsoft ចុះបញ្ជីក្នុងផ្សារហ៊ុនជាសាធារណៈនៅឆ្នាំ១៩៨៦ មហាសេដ្ឋីអាម៉េរិក លោក ប៊ីល ហ្គេត បានកាន់កាប់ភាគហ៊ុនចំនួនជាង ១១លានហ៊ុន ដែលស្មើនឹងជិត ៥០%នៃភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន Microsoft និងមានតម្លៃប្រហែល២០០លានដុល្លារ។ ដូច្នេះ ប្រសិនបើគាត់រក្សាទុកភាគហ៊ុនទាំងនោះ នៅក្រោយការបោះផ្សាយលក់ភាគហ៊ុន ភាគហ៊ុនរបស់គាត់នឹងមានដល់ទៅ ៣,២ពាន់លានហ៊ុន នាំឱ្យលោក ប៊ីល ហ្គេត និងអតីតភរិយា គឺលោកស្រី Melida នឹងមានភាគហ៊ុន ៤៣% នៅក្នុងក្រុមហ៊ុន Microsoft សព្វថ្ងៃ ធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេកើនដល់ទៅ ១,៤ទ្រីលានដុល្លារឯណោះ។
ផ្ទុយទៅវិញ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បាន លក់ និងបរិច្ចាគភាគហ៊ុនរបស់លោកជាបន្ទបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយលោករក្សាទុកភាគហ៊ុនប្រមាណ ០,៩% ដែលមានតម្លៃ ២៨ ពាន់លានដុល្លារស្មើនឹងប្រហែលមួយភាគបួននៃទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោកតែប៉ុណ្ណោះ។
ម្យ៉ាងទៀតតាំងពីបានបង្កើតមូលនិធិ ប៊ីល ហ្គេត (Gates Foundation) ក្នុងឆ្នាំ២០០០ មក លោក ហ្គេត និងភរិយារបស់លោក គឺលោកស្រី មេលីនដា (Melinda) បានបរិច្ចាគមូលនិធិសរុបមានចំនួនទឹកប្រាក់ប្រមាណ ៦០ពាន់លានដុល្លារ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកបរិច្ចាគទ្រព្យសម្បត្តិច្រើនគេបំផុតទីពីរនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីមហាសេដ្ឋីលោក វ៉រ៉េន បាប់ហ្វេត (Warren Buffett)។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីសហគ្រិន។
កាលពីខែឧសភា លោក ហ្គេត បានសន្យាថា នឹងបរិច្ចាគ៩៩%នៃទ្រព្យសម្បត្តិសរុបរបស់លោកជាង១០០ពាន់ លានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ ដើម្បីពន្លឿនដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចការសប្បុរសធម៌របស់លោក តាមរយៈមូលនិធិ ប៊ីល ហ្គេត នៅមុនពេលបិទបញ្ចប់មូលនិធិនេះនៅចុងឆ្នាំ២០៤៥៕
ដោយ៖ សុខ មង្គល