ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing ទទួលការបញ្ជាទិញច្រើនជាងក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មក។ ទោះបីការប្រគល់យន្តហោះចំនួន៦០០គ្រឿងជូនអតិថិជនរបស់ក្រុមហ៊ុន Boeing កាលពីឆ្នាំ២០២៥ មានចំនួនតិចជាងក្រុមហ៊ុន Airbus ដែលបានប្រគល់យន្តហោះឱ្យអតិថិជន៧៩៣គ្រឿងក្តី តែខ្លួនទទួលបានការបញ្ជាទិញយន្តហោះថ្មីរហូតដល់១,១៧៣គ្រឿងច្រើនជាងក្រុមហ៊ុន Airbus ដែលទទួលបានការបញ្ជាទិញថ្មីត្រឹមតែ១,០០០គ្រឿង។ នេះបានបង្ហាញពីងើបឡើងវិញនៃសន្ទុះគាំទ្ររបស់អតិថិជនមកលើយន្តហោះ Boeing ដែលបានដាំក្បាលចុះជាច្រើនឆ្នាំកន្លងមកនេះ។
ក្រុមអ្នកជំនាញបានលើកឡើងថា សន្ទុះនៃការកើនឡើងការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុន Boeing នេះបានកើតឡើងក្រោយ លោក ត្រាំ វិលត្រឡប់មកកាន់សេតវិមានជាថ្មី ជាគោលនយោបានដាក់សម្ពាធពន្ធ និងការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅលើពិភពលោកដោយជាមួយលក្ខខណ្ឌតម្រូវឱ្យប្រទេសទាំងនោះទិញផលិតផលរបស់អាម៉េរិក។
ចំណុចលេចធ្លោបំផុតនៃកំណើនបញ្ជាទិញយន្តហោះ Boeing នៅឆ្នាំ២០២៥ គឺកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលមានតម្លៃរហូតដល់៩៦ពាន់លានដុល្លារ ដោយក្រុមហ៊ុននេះបានបញ្ជាទិញយន្តហោះ Boeing 787 និង 777X ចំនួន២១០គ្រឿង។
គួរបញ្ជាក់ថា ស្ថានភាពទីផ្សាររបស់ក្រុមហ៊ុន Boeing បានចុះស្រអាប់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៨ ក្រោយកើតមានឧប្បត្តិហេតុធ្លាក់យន្តហោះប្រភេទ Boeing 737 Max ជាបន្តបន្ទាប់ និងវិបត្តិនៃការរីករាលដាលនៃមេរោគកូវីដ-១៩៕
ដោយៈ សរ សុជាតិ