តម្លៃដំឡូងមី

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុនៗ?


តម្លៃដំឡូងមីស្រស់នៅកម្ពុជា ដែលធ្លាប់តែធ្លាក់ថ្លៃហៅមិនចង់លឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅរដូវប្រមូលផលឆ្នាំនេះ។ បើតាមការអះអាងរបស់ប្រធានសមាគមកសិករដំឡូងមីខ្មែរ ដំឡូងមីស្រស់បច្ចុប្បន្នអាចលក់បានក្នុងតម្លៃល្អចន្លោះពីជាង២០០រៀល ទៅដល់ជាង៤០០រៀលក្នុង១គីឡូក្រាមទៅតាមតំបន់នីមួយៗ ខណៈកាលពីឆ្នាំមុនអាចលក់បានជាង ១០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃដំឡូងមីស្រស់នៅកម្ពុជា ស្ទុះងើបឡើងវិញយ៉ាងដូច្នេះ?
តម្លៃដំឡូងមី
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ មក តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានស្ទុះងើបឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងតម្លៃកាលពីឆ្នាំមុនៗ។ ជាក់ស្តែង ដំឡូងមីស្រស់នៅតំបន់ភូមិភាគកណ្ដាលបច្ចុប្បន្នអាចលក់បានក្នុងតម្លៃដល់ជាង៤០០រៀលក្នុង១គីឡូក្រាម ខណៈនៅតំបន់ភាគខាងលិចអាចលក់បានជាង៣០០រៀលក្នុង១គីឡូក្រាម លើកលែងតែនៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលទទួលបានតម្លៃទាបជាងគេក្នុងរង្វង់ជាង២០០រៀលក្នុង១គីឡូក្រាម។ តម្លៃដំឡូងមីស្រស់មានកំណើនល្អប្រសើរនាពេលនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារការកើនឡើង នៃតម្រូវការទីផ្សារសកល ក្រោយប្រទេសជាច្រើនកាត់បន្ថយការដាំដុះ ស្របពេលតម្រូវការដំឡូងមីស្រស់ក្នុងស្រុក ក៏មានការកើនឡើង។

​ជាមួយគ្នានេះ លោក នួន ណារិន្ទដា កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ បានឱ្យដឹងថា តម្លៃដំឡូងមីស្រស់នាពេលបច្ចុប្បន្នពិតជាទទួលបានតម្លៃល្អប្រសើរជាងឆ្នាំមុនពិតមែន ដោយនៅតំបន់របស់លោកទោះស្ថិតនៅតំបន់ឆ្ងាយបន្តិច តែអាចលក់បានក្នុងតម្លៃ២៤០រៀលក្នុង១គីឡូក្រាម។ សម្រាប់អ្នកដាំដំឡូងរូបនេះ តម្លៃនេះអាចផ្តល់ប្រាក់ចំណេញខ្លះដល់រូបខ្លួន ខណៈតម្លៃកាលពីឆ្នាំមុនពុំអាចទូទាត់នឹងការចំណាយបាននោះទេ។

​បើតាមការបញ្ជាក់របស់លោក អិល ឈិញ គិតមកទល់ពេលនេះការប្រមូលផលដំឡូងមីនៅកម្ពុជា សម្រេចបានេះជាង៦០%ហើយ ខណៈទិន្នផលដំឡូងមីនៅឆ្នាំនេះវិញ នៅតំបន់មួយចំនួនហាក់មិនសូវទទួលបានទិន្នផលខ្ពស់នោះទេ ដោយសារកសិករមិន​សូវចំណាយច្រើនលើ​ការថែទាំ ក្រោយខាតបង់ច្រើនកាលពីឆ្នាំមុន។ យ៉ាងណាមិញ ចំពោះស្ថានភាព នៃការនាំចេញដំឡូងមីស្រស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម នាពេលបច្ចុប្បន្ននៅតែបន្តធ្វើឡើងជាប្រក្រតី បើទោះបីមានការរឹតបន្តឹងលើការត្រួតពិនិត្យលិខិតបញ្ជាក់ប្រភពទំនិញ និងគុណភាពទំនិញលើផលិតផលដំឡូងមីកម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ កម្ពុជារកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោន សម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាម៕




អត្ថបទបន្ទាប់


ជប៉ុន ប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅលើកោះមួយក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងតំបន់កំពុងឡើងកម្តៅ

រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានប្រកាសជាផ្លូវការថា ជប៉ុននឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធមីស…

ក្រុមហ៊ុនរុស្ស៊ីដ៏ធំមួយបង្ហាញបំណងចង់វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

វិស័យស្វាយចន្ទីកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនអន្តរជាតិ។ ថ្មីៗនេះក្រុមហ៊ុន Siberian Cedar Eco-Factory ដែលជាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ