លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ សង្កេតឃើញថា ប្រទេសថៃ កំពុងប្រឌិតព័ត៌មានមិនពិតមកលើកម្ពុជា ដើម្បីរកលេសបង្កសង្គ្រាមជុំទី៣ ពីព្រោះថៃ អាងកម្លាំងយោធាខ្លួនខ្លាំងជាងកម្ពុជា ហើយបញ្ចៀសការដោះស្រាយដោយសន្តិវិធី ដើម្បីកំណត់ខណ្ឌសីមាព្រំដែនជាមួយកម្ពុជា សាជាថ្មី។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងកាលៈទេសៈនេះ ពលរដ្ឋត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ និងមិនត្រូវធ្លាក់ចូលក្នុងសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ ជាពិសេសពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែនមិនត្រូវចាកចេញពីផ្ទះសម្បែងផ្ទាល់ខ្លួននោះទេ ដោយត្រូវមានស្មារតីសាមគ្គីគ្នា ពោលគឺត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថា ប្រទេសថៃ កំពុងជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិថាមពលប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ខណៈថៃ កំពុងលេងល្បែងនយោបាយដោយទាញបញ្ហាធ្វើសង្គ្រាមជាមួយកម្ពុជា ដាក់មុខ ដើម្បីបន្លំពលរដ្ឋថៃ មិនឱ្យខ្វាយខ្វល់ពីវិបត្តិសេដ្ឋកិច្ច និងថាមពលប្រេងឥន្ធនៈក្នុងប្រទេសថៃ ហើយងាកមកចាប់អារម្មណ៍បញ្ហាព្រំដែនជំនួសវិញ។
សម្រាប់អ្នកជំនាញរូបនេះ ភាគីថៃ ហាក់កំពុងស្វែងរកល្បិចដោយធ្វើយ៉ាងណាបង្ហាញថា កម្ពុជា ចង់បង្កសង្គ្រាមមុន ហើយហុចឱកាសដល់ទាហានខ្លួនឈ្លានពានឱ្យស្របតាមច្បាប់អន្តរជាតិ។ អ្នកជំនាញរូបនេះយល់ថា កម្ពុជា ពេលនេះត្រូវតាមដានបញ្ហានៅតាមខ្សែបន្ទាត់ព្រំដែនឱ្យជាប់ ចៀសវាងថៃអាចបង្វែរស្ថានការណ៍តាមអំពើចិត្ត។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម សង្កេតឃើញថា ភាគីថៃ តែងតែមានលេសជាហូរហែចោទមកកម្ពុជា ក្នុងគោលបំណងបង្កភាពតានតឹងនៅតាមព្រំដែន។ ស្របពេលដែលភាគីថៃ កំពុងដោះស្រាយបញ្ហាបោះឆ្នោតក្នុងប្រទេស ក៏ដូចជាមានបំណងលុបចោល MoU ជាមួយកម្ពុជា អ្នកជំនាញរូបនេះយល់ថា កម្ពុជា ចាំបាច់ត្រូវដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ដើម្បីអន្តរាគមន៍លើបញ្ហានេះ និងត្រូវដំណើរការនីតិវិធីផ្លូវច្បាប់ ផ្លូវការទូតជាមួយសហគមន៍អន្តរជាតិ ផងដែរ។ អ្នកជំនាញរូបនេះបានព្រមានថា កម្ពុជាខ្លួនឯង ក៏ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងចលនាធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពោធសេដ្ឋកិច្ច ខណៈការចរចាដោះស្រាយវិវាទព្រំដែនហាក់មិនទាន់មានសញ្ញាល្អប្រសើរនោះទេ ជាពិសេសមហាអំណាចកំពុងជាប់ដៃក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលនេះអាចជាឱកាសសម្រាប់ថៃ ឈ្លានពានមកលើកម្ពុជា ជាលើកទី៣ផងដែរ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលបានស្រង់សម្តីរបស់ប្រធានចារកម្មថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការផ្ទុះអាវុធលើកទី៣នៅតាមបណ្តោយព្រំដែន។ បើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការអះអាងខាងលើរបស់មន្ត្រីចារកម្មថៃ គឺជាព័ត៌មានមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានច្បាស់លាស់ ខណៈកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ GBC និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជា បានប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា៕
អត្ថបទ៖ ជា ម៉ារ៉ា