លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានរំលឹកថា ចាប់តាំងពីយោធាថៃចូលមកឈ្លានពានដែនអធិបតេយ្យខ្មែរ រដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំចូលទំនិញថៃ តែ៣មុខប៉ុណ្ណោះ គឺបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័ន ដោយក្រៅពីនេះរដ្ឋាភិបាលមិនបានហាមឃាត់នោះទេ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្របពេលដែលរដ្ឋាភិបាលដើរតួលើផ្នែកគោលនយោបាយ ការធ្វើពហិការពីសំណាក់ពលរដ្ឋ គឺជាកម្លាំងទប់ស្កាត់ដ៏សំខាន់ ដែលអាចធ្វើឱ្យទំនិញថៃ មិនអាចឈរជើងបាន និងរុញច្រានឱ្យផលិតផលខ្មែរមានឱកាសរស់ឡើងវិញ។
ជាមួយគ្នានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ដើម្បីឱ្យចលនាធ្វើពហិការផលិតផលថៃ មានប្រសិទ្ធិភាព ទាមទារឱ្យមានទំនិញជំនួសក្នុងស្រុកជាមួយតម្លៃសមរម្យ និងមានគុណភាពល្អ។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងទីផ្សារសេរីផលិតផលណា ដែលមានតម្លៃទាប នោះនឹងទាក់ទាញអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់ គឺមានសិទ្ធិជ្រើសរើសទំនិញណា ដែលខ្លួនចង់ប្រើ ឬមិនប្រើដោយមិនអាចបង្ខំបានឡើយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើទឹកចិត្តដល់អ្នកដែលមានជីវភាពសមរម្យ គួរតែងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកផលិតក្នុងស្រុកឱ្យពង្រីកសមត្ថភាព។
ស្រដៀងគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយសង្កេតឃើញថា ការបន្តមានផលិតផលថៃដាក់លក់ និងប្រើប្រាស់នៅលើទីផ្សារកម្ពុជាបានឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាននៅក្នុងតំបន់។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ លោក អានុទីន ឆានវីរៈគុល នឹងនៅតែរក្សាមហិច្ចតាឈ្លានពានទឹកដីខ្មែរ ដូចនេះការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរ គឺជាអាវុធសម្រាប់ដាក់សម្ពោធសេដ្ឋកិច្ចដោយប្រយោលទៅលើរដ្ឋាភិបាលថៃ និងផ្ដល់ឱកាសដល់អ្នកផលិតក្នុងស្រុកដណ្ដើមយកទីផ្សារ ដើម្បីឈានដល់កាត់ផ្ដាច់ការពឹងផ្អែកប្រទេសជិតខាងមួយនេះទាំងស្រុង។
គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៣ពាន់៦៥៧លានដុល្លារ ធ្លាក់ចុះជិត១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៧៣២លានដុល្លារ ហើយថៃ នាំចូលមកកម្ពុជាវិញមានទំហំជាង២ពាន់៩២៤លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ការកាត់បន្ថយឱនភាពពាណិជ្ជកម្មតាមរយៈការឈប់គាំទ្រទំនិញថៃ មិនត្រឹមតែជាការតបតផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា