រថយន្តអគ្គីសនី BYD

ប្រេស៊ីលដាក់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់ចិន BYD ក្នុងបញ្ជីខ្មៅពាក់ព័ន្ធរំលោភសិទ្ធការងារ


ប្រទេសប្រេស៊ីល បានសម្រេចដាក់បញ្ចូលក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ចិន ទៅក្នុងបញ្ជីឈ្មោះខ្មៅពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មដូចទាសភាព។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវកាលពីឆ្នាំ ២០២៤ ដែលរកឃើញថា កម្មករចិនជាច្រើននាក់បានធ្លាក់ខ្លួនជាជនរងគ្រោះ នៃការជួញដូរមនុស្ស និងការរំលោភបំពានកិច្ចសន្យាការងារយ៉ាងធ្ងន់ធ្ងរ។
រថយន្តអគ្គីសនី BYD
ដោយ

ក្រសួងការងាររបស់ប្រទេសប្រេស៊ីល បានប្រកាសដាក់បញ្ចូលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD ទៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធការរំលោភសិទ្ធិការងារ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះយ៉ាងខ្លាំង ខណៈដែលប្រេស៊ីលត្រូវគេចាត់ទុកថា ជាទីផ្សារធំបំផុតទីពីរបន្ទាប់ពីប្រទេសចិន។

ក្រៅពីការដាក់បញ្ចូលក្នុងបញ្ជីខ្មៅ អាជ្ញាធរប្រេស៊ីល ក៏បានដាក់ចេញនូវវិធានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដោយហាមឃាត់មិនឱ្យធនាគារក្នុងស្រុកផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន BYD ថែមទៀតផង។ ទោះជាយ៉ាងណា វិធានការនេះ នឹងមិនប៉ះពាល់ដល់ដំណើរការផលិតកម្មនៅក្នុងរោងចក្ររបស់ខ្លួនប្រចាំប្រទេសប្រេស៊ីលនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន BYD មិនទាន់មានការឆ្លើយតប ឬអត្ថាធិប្បាយណាមួយនៅឡើយទេ។ ដោយឡែកក្រុមហ៊ុន ជិនជាំង គ្រុប (Jinjiang Group) ដែលជាក្រុមហ៊ុនម៉ៅការបន្តឱ្យ BYD និងជាអ្នកគ្រប់គ្រងកម្មករចំនួន១៦៣នាក់នៅក្នុងរឿងអាស្រូវនេះ បានបដិសេធចំពោះរាល់ការចោទប្រកាន់ខាងលើ។

បើតាមរបាយការណ៍ស៊ើបអង្កេត ក្រុមហ៊ុនខាងលើបានការរឹតត្បិតសេរីភាពរបស់កម្មករ ដោយកម្មករចិន ត្រូវបាននិយោជកដកហូតលិខិតឆ្លងដែនទុក ហើយប្រាក់ឈ្នួលភាគច្រើនរបស់ពួកគេត្រូវបានផ្ញើត្រឡប់ទៅប្រទេសចិន ដោយផ្ទាល់ ហើយកម្មករត្រូវបង់ប្រាក់កក់ប្រមាណ៩០០ដុល្លារ ដោយត្រូវរង់ចាំដល់៦ខែ ទើបទទួលបានប្រាក់នោះត្រឡប់មកវិញ។ អ្វីដែលកាន់តែអាក្រក់នោះ គឺកម្មករត្រូវស្នាក់នៅក្នុងបន្ទប់តូចចង្អៀត ដែលមានមនុស្សរហូតដល់៣១នាក់ក្នុងមួយបន្ទប់ មានបន្ទប់ទឹកតែមួយ គ្មានពូកសម្រាប់សម្រាក និងកន្លែងហូបចុកខ្វះអនាម័យជាខ្លាំង។

បច្ចុប្បន្នរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ក្នុងប្រទេសប្រេស៊ីល ត្រូវបានគេដឹងថា មានសមត្ថភាពផលិតរថយន្តបានប្រមាណ២៥,០០០គ្រឿងក្នុងមួយឆ្នាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីបានជាការត្រឡប់មកធ្វើការក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃជាងការបន្តធ្វើនៅក្នុងប្រទេសថៃ?

​​ការធ្វើចំណាកស្រុកទៅប្រទេសជិតខាងធ្លាប់ជាជម្រើសចម្បងសម្រាប់ពលករខ្មែរ ដែលចង់បានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែបច្ចុប្បន្នរូបភាពនេះកំពុងផ្លាស់ប្តូរក្…

តើវៀតណាម កំពុងដើរតាមគន្លងដឹកនាំបែបប្រមូលផ្តុំអំណាចដូចប្រទេសចិន ឬយ៉ាងណា?

មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) ដែលបច្ចុប្បន្នជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ត្រូវបានសភាប្រជាជនផ្តល់សេចក្តីទុកចិត្តឱ្យកាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ