
ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បានអះអាងថា ប្រេស៊ិឡ នឹងចំណាយជាង ៥ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះអ្នកនាំចេញរបស់របស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការដំឡើងពន្ធខ្ពស់កប់ពពក ៥០% ដោយសហរដ្ឋអាម៉េរិក។
លោក លូឡា បាននិយាយថា ការផ្លាស់ប្តូរនេះ ត្រូវបានគេសន្មតថា ជាការបង្កើតនូវអ្វីថ្មីចេញ ពីវិបត្តិ ដែលបណ្តាលមកពីពន្ធគយរបស់លោក ត្រាំ ប៉ុន្តែលោក លូឡា ក៏បាននិយាយដែរថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាអំពីពន្ធនេះ។
ក្រៅពីផែនការចំណាយនេះ លោក លូឡា ក៏បានដាក់ចេញវិធានការផ្សេងទៀតនៅក្នុងផែនការនេះដែរ ដូចជាការពន្យារពេលយកពន្ធសម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ដោយពន្ធគយបដិការរបស់អាម៉េរិក និងការលើកទឹកចិត្តដល់ប្រជាជនប្រេស៊ីលឱ្យទិញទំនិញផលិតក្នុងស្រុក ដែលមិនអាចនាំចេញទៅសហរដ្ឋអាម៉េរិកជាដើម។
មេដឹកនាំប្រេស៊ីលរូបនេះ បាននិយាយថា ប្រេស៊ីលមិនត្រូវភ័យខ្លាច និងថប់បារម្ភនៅពេលមានវិបត្តិពន្ធគយនេះឡើយ ព្រោះថា វិបត្តិនេះគឺជាការជំរុញឱ្យប្រេស៊ីល ដើម្បីបង្កើតអ្វីថ្មី ហើយលោកក៏បាននិយាយដែរថា លោក ត្រាំ គ្មានហេតុផលណាល្អ ដើម្បីវាយប្រហារប្រេស៊ីល ក្រៅតែពីការដំឡើងពន្ធនេះឡើយ។
កាលពីចុងខែមុន រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសអំពីពន្ធគយលើប្រទេសជាច្រើនជុំវិញពិភពលោក ដោយក្នុងនោះប្រេស៊ីលត្រូវបានជ្រើសរើសដំឡើងពន្ធខ្ពស់បំផុតរហូតដល់៥០% ហើយការដំឡើងពន្ធខ្ពស់នេះ គឺជាការឆ្លើយតបរបស់លោក ត្រាំ ចំពោះការចាប់ចាប់ខ្លួនសម្ព័ន្ធមិត្តរបស់លោកគឺលោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) ជាអតីតប្រធានាធិបតីប្រេស៊ីល។
បច្ចុប្បន្នលោក បូលសូណារ៉ូ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះជុំវិញការចោទប្រកាន់ថា លោកបានរៀបចំផែនការធ្វើរដ្ឋប្រហារ បន្ទាប់ពីចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២៕
ដោយ៖ សុខ មង្គល