រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក ចន ហ៊ែលលី (John Healey) បានបញ្ជាក់ថា ចក្រភពអង់គ្លេស នៅបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងផ្គត់ផ្គង់អាវុធទំនើបៗដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ មីស៊ីលស៊េរីថ្មីនេះ មានសមត្ថភាពបំពាក់ក្បាលគ្រាប់ទម្ងន់២០០គីឡូក្រាម និងអាចវាយប្រហារគោលដៅបានក្នុងចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន មានលទ្ធភាពវាយបកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស បានលើកឡើងថា ការវាយប្រហារមកលើតំបន់ភាគខាងលិចរបស់អ៊ុយក្រែន កាលពីសប្តាហ៍មុនដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេង អូរេសនិក (Oreshnik) របស់រុស្ស៊ី គឺជាភស្តុតាងបង្ហាញថា លោក ពូទីន កំពុងព្យាយាមប្រើប្រាស់អាវុធទំនើបៗវាយប្រហារលើតំបន់ស៊ីវិលដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី ដែលបានធ្លាក់នៅក្បែរព្រំដែនប្រទេសប៉ូឡូញក្នុងចម្ងាយត្រឹមតែជាង៧០គីឡូម៉ែត្រប៉ុណ្ណោះ។
ជុំវិញគម្រោងផ្ដល់មីស៊ីលចម្ងាយឆ្ងាយប្រភេទ ណៃហ្វល របស់អង់គ្លេសនេះ វិមានក្រឹមឡាំងមិនទាន់មានការប្រតិកម្មនៅឡើយទេ។ យ៉ាងណាមិញរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយមីស៊ីល Oreshnik កន្លងទៅ គឺជាការសងសឹកចំពោះការប៉ុនប៉ងប្រើដ្រូនវាយប្រហារលើភូមិគ្រឹះរបស់លោក ពូទីន កាលពីចុងឆ្នាំមុន ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលទីក្រុងគៀវបដិសេធដាច់អហង្ការថា ជាការមួលបង្កាច់៕
អត្ថបទៈ សួន ឡង់ទី