ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ លើបណ្ដាប្រទេសជាសមាជិក នៃអង្គការបក្សសម្ព័ន្ធយោធា NATO រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ ដែលបានបញ្ជូនកងទ័ពទៅកាន់កោះ Greenland ដើម្បីបង្ហាញពីការប្រឆាំងជំទាស់នឹងសហរដ្ឋអាម៉េរិក។ លោក ដូណាល់ ត្រាំ បានព្រមានថា ពន្ធគយ១០% នេះនឹងកើនឡើងដល់២៥% នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លុះត្រាមានការព្រមព្រៀងអនុញ្ញាតឱ្យអាម៉េរិក ទិញយកកោះ Greenland។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាម័រ បានលើកឡើងថា កោះ Greenland គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ហើយអនាគតរបស់កោះនេះ គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជននៃកោះ Greenland និងប្រជាជនដាណឺម៉ាក។ លោកបានបន្ថែមថា សន្តិសុខនៅតំបន់ទឹកកកអាក់ទិក គឺជាការទទួលខុសត្រូវរួមរបស់អង្គការបក្សសម្ពន្ធយោធា NATO ហើយថា ការដាក់ទណ្ឌកម្មផ្នែកពន្ធគយលើបណ្ដាប្រទេសជាសម្ពន្ធមិត្ត ដែលធ្វើការងាររួមគ្នាលើសន្តិសុខ គឺខុសហើយ។ លោកបាននិយាយថា ចក្រភពអង់គ្លេស នឹងលើកយកបញ្ហានេះទៅពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិក។
ក្រុមមេដឹកនាំបក្សប្រឆាំងរបស់អង់គ្លេស ក៏បានរិះគន់លោក ដូណាល់ ត្រាំ ផងដែរ ដោយនិយាយថា ពន្ធគយនេះនឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងថា អធិបតេយ្យភាពរបស់កោះ Greenland គឺជាកម្មសិទ្ធិរបស់ប្រជាជននៃកោះ Greenland។
ការតវ៉ាប្រឆាំងមហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានកើតឡើងកាន់តែខ្លាំងនៅកោះ Greenland និងប្រទេសដាណឺម៉ាក។ ក្រុមមន្ត្រីការទូតជាន់ខ្ពស់ និងសមាជិកសភាបាននិយាយថា អឺរ៉ុបគួរតែរក្សាចិត្តឱ្យត្រជាក់ ហើយធ្វើការជាមួយសហរដ្ឋអាម៉េរិក តាមរយៈអង្គការបក្សសម្ពន្ធយោធា NATO ហើយច្រានចោលការគំរាមកំហែងផ្នែកពន្ធគយ ដោយលើកឡើងថា សន្តិសុខនៅតំបន់ទឹកកកអាក់ទិកគួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការ ប៉ុន្តែមិនមែនតាមរយៈការដាក់សម្ពាធនោះឡើយ។
សហភាពអឺរ៉ុប បានព្រមានថា ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើបណ្ដាប្រទេសដែលប្រឆាំងផែនការរបស់លោកក្នុងការកាន់កាប់កោះ Greenland អាចធ្វើឱ្យខូចទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក យ៉ាងធ្ងន់ធ្ងរ។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា ការដាក់ពន្ធដោយមិនត្រឹមត្រូវនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងសងខាង ពោលគឺសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងសេដ្ឋកិច្ចអាម៉េរិក ហើយវានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការចុះខ្សោយ។ ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា ជាលទ្ធផលនៃការដាក់ពន្ធគយរបស់លោក ដូណាល់ ត្រាំ នឹងផ្តល់ផលប្រយោជន៍ដល់បណ្ដាប្រទេសជាគូប្រជែងដូចជាមហាយក្សចិន និងរុស្ស៊ីជាដើម៕
ដោយ: តែម សុខុម