ជាមួយគ្នានេះអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ពលរដ្ឋត្រូវតែនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ដើម្បីជាការដាក់សម្ពាធសេដ្ឋកិច្ចថៃ ដែលបានវាយឈ្លានពានយ៉ាងព្រៃផ្សៃមកលើកម្ពុជា។ សម្រាប់អ្នកជំនាញការធ្វើពហិការរបស់ពលរដ្ឋ ក៏ជាចំណែកមួយជួយដល់កងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយយល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរ ដែលជាសមរភូមិក្រោយ ជាការរួមចំណែកមួយដ៏សំខានក្នុងការដាក់សម្ពាធសេដ្ឋកិច្ចថៃ ក៏ដូចជាដើម្បីឆ្លើយតបនឹងយោធាថៃ ដែលបានបើកការវាយប្រហារយ៉ាងឃោឃៅសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ កម្ទេចហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាពិសេសផ្ទះរបស់ពលរដ្ឋខ្មែរ និងប្រាសាទបុរាណខ្មែរ។ បើតាមអ្នកជំនាញរូបនេះ ក្នុងកាលៈទេសៈនេះពលរដ្ឋគួរមានស្មារតីពហិការមិនប្រើផលិតផលថៃទាំងស្រុងតែម្ដង ជាពិសេសអាជីវករ ដែលនៅបន្តរកស៊ីជាមួយជនជាតិថៃ គួរតែកាត់បន្ថយ ឬបញ្ឈប់រកស៊ីជាមួយថៃបន្តទៀត ព្រោះថៃអាចទាញចំណូលសេដ្ឋកិច្ចពីកម្ពុជា ហើយទិញសព្វាវុធមកវាយប្រហារលើកម្ពុជាវិញ។ ជាមួយគ្នានេះ លោកបណ្ឌិត សំណូមពរដល់រដ្ឋាភិបាលគួរបង្កើនការត្រួតពិនិត្យទំនិញតាមច្រកព្រំដែនបន្ថែមទៀត ដើម្បីបង្ការការក្លែងបន្លំផលិតផល និងប្រភពផលិត។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកស្រាជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ការធ្វើពហិការមិនប្រើទំនិញថៃរបស់ពលរដ្ឋត្រូវតែបន្តជាដរាបទាំងនៅក្នុងកាលៈទេសៈនេះ និងនៅពេលខាងមុខ ទោះបីជាទំនិញថៃនៅតែបន្តហូរចូលមកប្រទេសកម្ពុជាយ៉ាងណាក្ដី។ សម្រាប់អ្នកជំនាញរូបនេះ ការបិទមិនឱ្យនាំចូលទំនិញទាំងស្រុងពីថៃ រដ្ឋាភិបាលទំនងជាមានភាពលំបាក ព្រោះវាផ្ទុយពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការធ្វើពាណិជ្ជកម្មក្នុងសហគមន៍អាស៊ាន។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវសង្កេតឃើញថា ពលរដ្ឋគ្រប់រូបសុទ្ធតែមានសិទ្ធិរៀងៗខ្លួនក្នុងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ពិសេសលោកជំរុញឱ្យពលរដ្ឋ គួរនាំគ្នាធ្វើពហិការផលិតផលថៃ ដើម្បីជាការដាក់ទណ្ឌកម្មទៅភាគីថៃដែលបានវាយប្រហារយ៉ាងសាហាវមកលើកម្ពុជា។ តែយ៉ាងណាអាជីវករខ្មែរដែលធ្លាប់សហការនាំយកទំនិញថៃមកលក់ក្នុងស្រុកគួរតែផ្អាក ព្រោះពួកគេបានតបស្នងកម្ពុជាដោយការឈ្លានពានទៅវិញ។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃមិនមែនជាការធ្វើបាបលើពលរដ្ឋខ្មែរណាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនថៃនោះទេ គ្រាន់តែចង់បង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះយោធាថៃ ដែលបានវាយប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ រហូតមកទល់ពេលនេះ យោធាថៃនៅតែបន្តបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងធ្លាក់គ្រាប់បែក និងការបាញ់ផ្សែងពុលផងដែរ។ ការរំលោភបំពានទាំងកំរោលរបស់យោធាថៃនេះបានបណ្តាលឱ្យពលរដ្ឋស៊ីវិលជាច្រើននាក់បានស្លាប់ និងរបួស ក៏ដូចជាបានធ្វើឱ្យពលរដ្ឋស្លូតត្រង់រហូតជាង៣ម៉ឺន៧ពាន់គ្រួសារស្មើនឹងជាង១២ម៉ឺន៧ពាន់នាក់ស្ត្រីជាង៥ម៉ឺន៨ពាន់នាក់ និងកុមារមានចំនួន២១, ៩៧៤នាក់នៅក្នុងខេត្តចំនួន៦រួមមានខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាបបានភៀសខ្លួនមកកាន់កន្លែងមានសុវត្ថិភាពគិតត្រឹមថ្ងៃ១០ ខែធ្នូ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា