សម្ភារសំណង់

តើតម្លៃសម្ភារសំណង់ដែលបានឡើងថ្លៃកន្លងមក មានការប្រែប្រួលយ៉ាងណាដែរ?


កម្ពុជា នៅតែមានតម្រូវការក្នុងការប្រើប្រាស់សម្ភារសំណង់ ដើម្បីបម្រើឱ្យការសាងសង់លំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជួយជំរុញ និងស្តារសេដ្ឋកិច្ចជាតិ។ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្នការប្រើប្រាស់សម្ភារសំណង់ក្នុងការសាងសង់ គឺពុំសូវមានតម្រូវការខ្ពស់ដូចមុនពេលមិនទាន់ជួបវិបត្តិជំងឺកូវីដ-១៩ នោះទេ។ តើតម្លៃសម្ភារសំណង់ ដែលបានឡើងថ្លៃនៅមួយចុងក្រោយ និងមកទល់ពេលនេះ មានការប្រែប្រួលយ៉ាងណាដែរ?
សម្ភារសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ តម្លៃសម្ភារសំណង់មិនមានឡើងថ្លៃគួរឱ្យកត់សម្គាល់នោះទេ ហើយក៏ពុំមានការរាំងស្ទះដល់សកម្មភាពក្នុងគម្រោងដែលកំពុងសាងសង់នោះដែរ។ ជាក់ស្ដែងនៅមួយចុងក្រោយនេះ ការសាងសង់លំនៅឋាន និងអគារខ្ពស់នៅតំបន់មានសក្ដានុពល ត្រូវបានលោក ឃូ សុខឡៃ សង្កេតឃើញថា នៅតែមានសកម្មភាពជាធម្មតា ប៉ុន្តែពុំទាន់កក្រើកដូចមុនពេលមិនទាន់ជួបវិបត្តិជំងឺកូវីដ-១៩ នោះទេ។

​ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា សម្ភារសំណង់នៅរយៈចុងក្រោយនេះ មានការធ្លាក់ថ្លៃបន្តិច បើធៀបនឹងតម្លៃកាលពីខែកុម្ភៈ និងខែមីនា។ ការធ្លាក់ថ្លៃនេះ ត្រូវបានអ្នកជំនាញរូបនេះ យល់ឃើញថា អាចដោយសារកត្តាខាងក្រៅច្រើនជាងតម្រូវការនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតដោយសារគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ជាហេតុធ្វើឱ្យអ្នកវិនិយោគមានភាពស្ទាក់ស្ទើរក្នុងការវិនិយោគ។ ទន្ទឹមនេះ អនុប្រធានសមាគមរូបនេះ សង្កេតឃើញថា សកម្មភាពសាងសង់នានា នៅកម្ពុជា នា​រយៈពេលចុងក្រោយនេះ មានដំណើរការជាធម្មតា ខណៈការប្រែប្រួលតម្លៃសម្ភារសំណង់ក៏ពុំមានប៉ះពាល់ដល់សកម្មភាពក្នុងការសាងសង់នោះដែរ។

​ជាមួយគ្នានេះ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី សង្កេតឃើញថា សកម្មភាពសាងសង់លំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅដើមឆ្នាំនេះ មានភាពប្រសើរជាងដើមឆ្នាំ២០២៤។ បើតាមអ្នកជំនាញរូបនេះ ការសាងសង់នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងបាវិត និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានសកម្មភាពកម្រើកឡើងវិញគួរឱ្យកត់សម្គាល់។

​គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅការនាំចូលដែក និងដែកថែប ដើម្បីបម្រើដល់ការសាងសង់របស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៨៤២លានដុល្លារ កើនឡើងប្រមាណជាង៦៨% បើធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលស៊ីម៉ងត៍ មានទំហំទឹកប្រាក់ប្រមាណជាង១៦លានដុល្លារ ថយចុះប្រមាណជាង១៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចពិភពលោកមានស្ថានភាពយ៉ាប់យ៉ឺន ឬល្អប្រសើរយ៉ាងណាដែរ មកទល់ពេលនេះ?

ទោះបីទិន្នន័យសេដ្ឋកិច្ច និងសូចនាករហិរញ្ញវត្ថុសំខាន់ៗនៅមិនទាន់បង្ហាញសញ្ញាច្បាស់ លាស់ ក៏ដោយ ប៉ុន្តែបើតាមរបាយការណ៍ និងការវិភាគពីហានិភ័យន…

ក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករបញ្ចុះថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅរដូវកាលបៃតង

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការរដូវកាលបៃតងជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ