ពិធីសម្ពោធ «គម្រោងឯក» បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយករងខុទ្ទកាល័យ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន, ក្រុមការងារ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន ដែលបានចូលរួមអបអរសាទរ ចំពោះការបើកដំណើរការគម្រោងថ្មីនេះ។
លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន បានអះអាងថា គម្រោង «ឯក» ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើគំនិតស្នូលមួយ គឺការបង្កើតលំនៅឋាន ដែលផ្តោតលើគុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។ លោកបន្ថែមថា មុនពេលចាប់ផ្តើមអភិវឌ្ឍគម្រោងនេះ ក្រុម ប៊ុន លី ឌីវេឡុបម៉ិន បានសិក្សាពីលំនៅឋានជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយបានសង្កេតឃើញថា ផ្ទះជាច្រើនអាចមើលទៅស្រស់ស្អាតពីខាងក្រៅ ប៉ុន្តែ ក្នុងការរចនាខាងក្នុងមិនបានផ្តល់អារម្មណ៍នៃការរស់នៅដែលពេញលេញ និងការភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ និងសហគមន៍រស់នៅនោះទេ។
ដោយសារតែហេតុនេះ គម្រោងឯក ត្រូវបានរចនាឡើងដោយផ្តោតលើគំនិត “ការរចនាពីខាងក្នុងទៅខាងក្រៅ” ដោយផ្តល់សារៈសំខាន់ដល់លំហរបរិយាកាស និងភាពបៃតងសម្រាប់ការរស់ និងបង្កនូវលក្ខណៈងាយស្រួលសម្រាប់ការប្រាស្រ័យទាក់ទងគ្នាសម្រាប់ក្រុមគ្រួសារ។ តួយ៉ាង ការរចនា បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងលំហរជួបជុំគ្រួសារ ត្រូវបានចាត់ទុកថា ជាបេះដូងនៃផ្ទះ ដែលផ្សារភ្ជាប់នូវជាមួយសួនច្បារខាងក្រោយ បង្កើតបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ឯកជន និងជិតស្និទ្ធជាមួយធម្មជាតិ។
គម្រោងឯក មានទីតាំងស្ថិតនៅលើមហាវិថី ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងសម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ។
តាមការបញ្ជាក់របស់ លោកស្រី មាស សុខចិត្តា ប្រធានផ្នែកលក់នៃក្រុមហ៊ុន ប៊ុន លី ឌីវេឡុបម៉ិន ក្នុងផែនការអភិវឌ្ឍន៍ គម្រោងនេះបានបែងចែកផ្ទៃដីជាបីផ្នែកសំខាន់ៗ រួមមាន ៤០ភាគរយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហធម្មជាតិ ៣០ភាគរយសម្រាប់តំបន់លំនៅឋាន និង ៣០ភាគរយសម្រាប់តំបន់ពាណិជ្ជកម្ម ដើម្បីធានាថាអ្នករស់នៅអាចទទួលបានទាំងភាពងាយស្រួល និងគុណភាពជីវិតក្នុងសហគមន៍តែមួយ។
ជាពិសេស គម្រោងនេះក៏មានឧទ្យាន “Oasis Park” ដែលត្រូវបានរចនាឡើងជាលំហសម្រាប់ការកម្សាន្ត ការហាត់ប្រាណ និងការជួបជុំសហគមន៍ ដោយមានដើមឈើធំៗ ផ្លូវដើរដែលមានការរចនាបែបទំនើប និងទឹកធ្លាក់បែបធម្មជាតិ ដែលផ្តល់អារម្មណ៍ស្រស់ស្រាយដូចជាកំពុងស្ថិតនៅក្នុងឧទ្យានធម្មជាតិពិតៗ។
លោកស្រី មាស សុខចិត្តា បន្ថែមថា ក្នុងឱកាសបើកសម្ពោធនេះផងដែរ ក្រុមហ៊ុនបានប្រកាសនូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ដែលរួមមានការបញ្ចុះតម្លៃរហូតដល់ ១០ភាគរយ ការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់ ៣៦ខែ ផ្ដល់សម្ភារៈផ្ទះបាយស្ងួត និងសើមចំនួន ២ឈុត, ផ្ដល់ជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេង និងន្លែងទទួលភ្ញៀវ និងផ្ដល់សេវាថែទាំរហូតដល់ ១២ខែ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ប៊ុ លី ឌីវេឡុបម៉ិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដោយបានអភិវឌ្ឍគម្រោងទី១ ប៊ុន លី ចម្ការដូង និងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយផ្ទះក្នុងគម្រោងត្រូវបានលក់អស់ ៩៩% ហើយក្នុងនោះ អតិថិជនចូលស្នាក់នៅរហូតដល់ជាង ៩០%៕