ក្រុមឧទ្ទាម

តើការវាយឆេះស្ថានីយប្រេង ១១កន្លែងត្រឹមតែមួយយប់នៅភាគខាងត្បួងថៃ បង្ហាញពីចលនានៃក្រុមឧទ្ទាមផ្តាច់ខ្លួននៅថៃ កំពុងកញ្ជ្រោលឡើងវិញ ឬយ៉ាងណា?


ការប្តេជ្ញាចិត្ត ដើម្បីឯករាជ្យភាពនៅភាគខាងត្បូងថៃ ហាក់កំពុងបង្ហាញពីចលនាសកម្មឡើងវិញ ក្រោយការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈរហូតដល់ទៅ១១កន្លែង នៅខេត្តចំនួនបី នៅក្នុងរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ គ្រោះថ្នាក់ដែលបង្ករឡើងដោយការវាយប្រហារបង្កៃគ្រាប់បែកនេះបង្ហាញថា វាគឺជាសកម្មភាព ដែលមានអង្គការចាត់តាំង ហើយការវាយប្រហារនេះ គឺអាចជាព្រឹត្តិការណ៍រំលឹកខួប ២២ឆ្នាំ នៃចលនាផ្តាច់ខ្លួន នៃក្រុមឧទ្ទាមនៅភាគខាងត្បូងថៃ ។
ក្រុមឧទ្ទាម
ដោយ

ផលប៉ះពាល់នៃការវាយប្រហារស្ថានីយប្រេងឥន្ធនៈចំនួន ១១ កន្លែងនៅក្នុងខេត្ត ណារ៉ាធីវ៉ាត់ ប៉ាតានី និងយ៉ាឡា បានបំផ្លាញស្ថានីយប្រេងឥន្ធនៈ និង មនុស្សរបួស ៤នាក់។ អាជ្ញាធរនៅខេត្តណារ៉ាធីវ៉ាត់ ក៏បានប្រកាសដាក់បម្រាមគោរចរផងដែរ កាលពីថ្ងៃទី ១១ ខែមករា ប៉ុន្ដែ ក៏បានប្រកាសដកចេញវិញនៅថ្ងៃទី ១២ ខែមករា ដោយអះអាងថា អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍មកប្រក្រតីឡើងវិញ។

ទោះយ៉ាងណា មេទ័ពជើងគោកភូមិភាគ៤របស់ថៃ នៅពេលនេះ កំពុងដុតដៃដុតជើង ដើម្បីស្វែងរកភស្ដុតាង តាមវែកមុខអ្នក ដែលនៅពីក្រោយហេតុការណ៍នេះដើម្បីយកមកដាក់ទោស ខណៈដែលអាជ្ញាធរបានដាក់ការសង្ស័យបឋមថា អាចជាសកម្មភាពរបស់ក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ។

ក្រោយការវាយប្រហារនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អនុទីន ឆានវីរគល់ បានព្យាយាមសម្រាលស្ថានការណ៍ ដោយនិយាយថា ជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងដំណើរការបោះឆ្នោតតែប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានមើលឃើញថា វាមិនមែនជារឿង ដែលអាចមើលស្រាលបានទេ ។

ជាការពិត ព្រឹត្តិការណ៍ហិង្សាប្រដាប់អាវុធនេះ វាកើតឡើងនៅក្នុងអំឡុងពេលដែលថៃគ្រោងនឹងបោះឆ្នោតនៅខែក្រោយមែន ប៉ុន្តែទន្ទឹមនឹងនោះ អ្វីដែលយើងអាចឃើញសញ្ញានៃភាពធ្ងន់ធ្ងរនោះគឺ វាកើតនៅក្នុងអំឡុងពេលខួប២២ឆ្នាំ នៃចលនាក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគខាងត្បូងថៃ ហើយវាចំពេលដែលពលរដ្ឋនៅភាគខាងត្បូងថៃ បានរិះគន់ពីអសមត្ថភាពរបស់រដ្ឋាភិបាលចាំផ្ទះថៃ ដែលទុកពួកគេចោល ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ។

អ្នកវិភាគបានលើកឡើងថា ការវាយប្រហារនេះ វាកើតឡើងនៅពេលដែលពលរដ្ឋនៅភាគខាងត្បូងថៃ បានមើលឃើញពីភាពសោះអង្គើយមិនអើពើរបស់រដ្ឋាភិបាលចាំផ្ទះថៃ នៅក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និង ក្រោយទឹកជំនន់ ដែលខុសពីតំបន់ដទៃ ខណៈដែលភាគច្រើននៃប្រជាពលរដ្ឋនៅទីនោះ គឺជា មូស្លីម ។

ចលនាផ្តាច់ខ្លួននៅភាគខាងត្បូងថៃ បានផ្ទុះឡើងខ្លាំងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៤ នៅពេលផ្ទុះករណីវាយប្រហារលើបន្ទាយយោធានៅខេត្តណារ៉ាធីវ៉ាត់ ហើយក៏បានកើតមានអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងខេត្តនេះ រហូតដល់ ប៉ាតាលី យ៉ាឡា ហើយពេលខ្លះដល់ សុងក្លា ចាប់តាំងពីតំបន់ទាំងនេះត្រូវបានថៃដណ្តើមគ្រប់គ្រង នៅក្នុងឆ្នាំ១៩០៩ ។

ចលនាផ្តាច់ខ្លួននៅថៃមើលទៅមិនសូវសកម្ម ដោយយូរៗម្តងទើបលឺសូរសកម្មភាពម្តង ប៉ុន្តែកុំភ្លេចនៅក្នុងអំឡុង២២ឆ្នាំកន្លងមកនេះ ការវាយប្រហារហិង្សាបានផ្ទុះឡើងដល់ទៅ ជាង១ម៉ឺនករណី ហើយសម្លាប់ជីវិតមនុស្សសរុបជិត ៦ពាន់នាក់ រីឯអ្នករបួសវិញ គឺមានជាង ១ម៉ឺន៣ពាន់នាក់ ។

តាមការកត់ត្រានៅពេញមួយឆ្នាំ២០២៥កន្លងទៅនេះ ហេតុការណ៍វាយប្រហារមាន ១៥០ករណីសម្លាប់ជីវិតមនុស្ស៤៨នាក់ និង របួស៣៨ នាក់ ។

ដូច្នេះ ការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈ ចំនួន ១១ កន្លែងនៅភាគខាងត្បូងថៃ មិនមែនជាព្រឹត្តិការណ៍ធម្មតា ឬចៃដន្យឡើយ ប៉ុន្តែជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ចលនាផ្តាច់ខ្លួននៅតំបន់នេះនៅតែមានជីវិត និងអាចកាន់តែតានតឹងឡើងវិញនៅពេលដែលឱកាសរបស់ពួកគេមកដល់៕

ដោយ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តើជម្លោះព្រំដែន កម្ពុជា-ថៃ អាចត្រូវបានដោះស្រាយដោយសន្តិវិធីទេ បើគណបក្សប្រជាជនថៃ ឈ្នះឆ្នោត?

លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗបានបង្ហាញថា ពលរដ្ឋថៃ ភាគច្រើនគាំទ្រគណបក្សប្រជាជនថៃ ដែលមានរហូតដល់៤៥% បន្ទាប់មកគណបក្សភឿថៃ ដោយទទួលបានការគាំទ្រប្រ…

អ្នកជំនាញរំពឹងការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជានឹងនៅតែរក្សាបានកំណើន ទោះមានបញ្ហាប្រឈមមួយចំនួន

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ច មានជំនឿថា សកម្មភាពដឹកជញ្ជូនទំនិញចេញចូលកម្ពុជា តាមផ្លូវទឹកនៅឆ្នាំ២០២៦ នឹងបន្តរក្សាបានកំណើន បើទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ