លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានប្រតិបត្តិករកាស៊ីណូនៅតំបន់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន១៧ បានផ្អាកដំណើរការអាជីវកម្មទាំងស្រុង ដោយសារឥទ្ធិពល នៃជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។ លោកបានបន្តថា ទោះបីសភាពការណ៍នៅតាមព្រំដែនមានសភាពធូរស្រាលជាងមុនក៏ពិតមែន តែអាជីវកម្មកាស៊ីណូនៅតំបន់នោះនៅតែរងសម្ពាធខ្លាំង ពីការបិទច្រកទ្វារព្រំដែន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកត្តាផ្លូវចិត្តរបស់បុគ្គលិក ក៏ដូចជាប្រតិបត្តិករ។
តែទោះជាបែបនេះនៅពេញមួយឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្ម បានជាង៧១លានដុល្លារ ឬស្មើនឹងប្រមាណជិត១៣៤% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៥ កើនឡើងជាង១៣% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះចំណូលជាង៦៣% នៃចំណូលសរុបបានមកពីមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលដ៍។
ដោយឡែកសម្រាប់ទស្សនវិស័យឆ្នាំ២០២៦ លោក ឆឹង ចន្ថា បានវាយតម្លៃដោយប្រុងប្រយ័ត្នថា ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនេះ អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការធ្លាក់ចុះនៃទំហំទីផ្សារកាស៊ីណូនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការថយចុះទំនុកចិត្តរបស់ភ្ញៀវទេសចរលើបញ្ហាសុវត្ថិភាព។ ក្នុងយុទ្ធសាស្ត្រទប់ទល់នឹងបញ្ហានេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កំពុងជំរុញយន្តការទារបំណុលចាស់ ពង្រឹងការធ្វើសវនកម្មលើគ្រឹះស្ថានល្បែង និងចាត់វិធានការពិន័យយ៉ាងម៉ឺងម៉ាត់លើអាជីវកម្មណាដែលបំពានច្បាប់។
គួរជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះ រួមមាន កាស៊ីណូ និងល្បែងផ្សងសំណាង។ គិតមកទល់ពេលនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់កាស៊ីណូ ដល់ប្រតិបត្តិករសរុបចំនួន១៩៥ ប៉ុន្តែក្នុងនោះកំពុងបើកដំណើរការមានចំនួន១៦៣ប៉ុណ្ណោះ៕