
នៅក្នុងសុន្ទរកថា អ្នកឧកញ៉ា សៀឫទ្ធី បានគូសបញ្ជាក់ពីកំណើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន WorldBridge Group ដែលបានចាប់ផ្តើមពីក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នបានពង្រីកខ្លួនមាន ជាង ៣០ក្រុមហ៊ុន ដែលប្រតិបត្តិការលើវិស័យជាច្រើនរួមមានដូចជា ភស្តុភារកម្ម អចលនទ្រព្យ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ធនាគារ និងវិស័យជាច្រើនទៀត។ លោកបានសង្កត់ ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការចូលរួមយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចរបស់កម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាពរវាងហ្វីលីពីន-កម្ពុជា ដោយលើក ឡើងពីកិច្ចប្រជុំកម្រិតខ្ពស់ដែលបានរៀបចំឡើងនៅទីក្រុងម៉ានីលក្នុងខែកុម្ភៈ ដែលបានប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ចល្បី មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សារលើការសហការអាជីវកម្ម បាននាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃ កិច្ចព្រមព្រៀង (MOA) នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងលោកស្រី Olivia Limpe-Aw ប្រធានក្រុមហ៊ុន Destileria Limtuaco & Co., Ltd. និងមានការចូលរួមជាសាក្សីដោយ លោកជំទាវ MA. Cristina A. Roque រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសហ្វីលីពីន។ កិច្ចព្រមព្រៀងនេះមាន គោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។

ដោយបង្ហាញពីការសាទរក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានសម្តែងការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកម៉ាកយីហោល្បីរបស់ហ្វីលីពីន Jollibee ចូលមកក្នុងទីផ្សារកម្ពុជាផងដែរ។ លោកបានគូសបញ្ជាក់ពីចំណង់ចំណូលចិត្តរបស់អតិថិជន ជាកត្តាសំខាន់ដែលនឹងធ្វើឱ្យការចូលមកដល់របស់ Jollibee ជាគម្រោងជោគជ័យមួយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងធុរកិច្ច និងវប្បធម៌រវាងប្រទេស ទាំងពីរ។
បន្ថែមពីលើនេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់លើការទូទាត់តាមប្រព័ន្ធឌីជីថល (e-payment) ដែលជាផ្នែក មួយដ៏សំខាន់ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងជំរុញកំណើនទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីន។ លោកបានមាន ប្រសាសន៍បន្តថា “ខ្ញុំមានទំនុកចិត្តថាយើងទាំងអស់គ្នា រួមគ្នា យើងអាចបង្កើតភាពជាដៃគូដ៏រុងរឿងសម្រាប់ប្រទេស និងអាជីវកម្មរបស់យើងទាំងពីរបាន”។
កិច្ចប្រជុំជាមួយប្រធានាធិបតីហ្វីលីពីននេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ដោយផ្តល់វេទិកាសម្រាប់ការពិភាក្សា និងការបណ្តាក់ទុនពាណិជ្ជកម្មថ្មីៗដែលនឹងផ្តល់ផល ប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។