អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដគ្រុប កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ សណ្ដាប់ធ្នាប់ពិភពលោកមានភាពច្របូកច្របល់ និងពិបាកក្នុងការប៉ាន់ស្មានទុកជាមុន ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ា បានបង្កផលប៉ះពាល់ជាសកល រួមទាំងកម្ពុជា ផងដែរ។ អ្នកជំនួញពហុវិស័យដ៏ល្បីល្បាញរូបនេះ បានអះអាងថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងហ្គាសហក់ឡើងខ្លាំង ដែលកំពុងដាក់សម្ពាធដល់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងបានឥទ្ធិពលអវិជ្ជមានដល់វិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា ផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយពេលយូរ នោះនឹងអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង។ ដើម្បីរស់រានក្នុងដំណាក់កាលនេះ អ្នកជំនួញរូបនេះបានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដូចជាបង្កើនការសន្សំសំចៃលើការប្រើប្រាស់ថាមពល និងប្រេងឥន្ធនៈ, រឹតបន្តឹងការចំណាយមិនចាំបាច់ ឬចំណាយដែលមិនចំគោលដៅ និងរៀបចំផែនការអាជីវកម្មឱ្យមានភាពបត់បែនខ្ពស់។
យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា មកទល់ពេលនេះការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើងចន្លោះពី២៥ ទៅ៣០%។ ប្រធានសមាគមរូបនេះបានអះអាងផងដែរថា មកដល់ពេលនេះមានរថយន្តដឹកជញ្ជូនមួយចំនួនបានបង្ខំចិត្តបញ្ឈរថយន្តទុកចោលដោយសារមិនអាចទប់ទល់នឹងការខាតបាន ហើយប្រសិនបើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើងនោះការបញ្ឈររថយន្តចោលអាចនឹងមានចំនួនកាន់តែច្រើនថែមទៀត។
បើតាមអ្នកឧកញ៉ា សៀ ឬទ្ធី ស្ថិតក្នុងបរិបទដ៏លំបាកនេះម្ចាស់អាជីវកម្មគួរតែពង្រីកដៃគូពាណិជ្ជកម្មថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នមានក្រុមមហាសេដ្ឋីមកពីប្រទេសនៅតំបន់ឈូងសមុទ្រ កំពុងចាប់ផ្តើមបង្វែរទិសដៅមកវិនិយោគនៅតំបន់អាស៊ីកាន់តែច្រើន ដែលនេះគឺជាឱកាសមាសសម្រាប់អាជីវកម្មក្នុងស្រុកក្នុងការស្វែងរកដៃគូសហការ៕
អត្ថបទ៖ បូ ដូឡា