
សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មប្រចាំខែរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) ដោយផ្អែកលើការស្ទង់មតិលើសហគ្រិនចំនួន១,៣៤២នាក់ នៅក្នុងសហព័ន្ធនេះ បានបង្ហាញថា ចំណង់នៃការចង់ធ្វើធុរកិច្ចនៅក្នុងប្រទេសថៃរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗកាលពីខែមិថុនា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ខែកន្លងមកនេះ ពោលគឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មក។
ការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនក្នុងការធ្វើធុរកិច្ចនៅថៃនេះ ត្រូវបានសហព័ន្ធឧស្សាហកម្មថៃ អះអាងថា បណ្តាលមកពីការបិទច្រកព្រំដែនថៃ-កម្ពុជា និងការផ្អាកការនាំចូលប្រេង និងឧស្ម័នធម្មជាតិរាវ ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែន។ ការដាក់គំនាបពន្ធបដិការចំនួន៣៦% របស់សហរដ្ឋអាម៉េរិក លើការនាំចូលទំនិញមកពីប្រទេសថៃ ក៏ជាកត្តាសំខាន់មួយក្នុងការទាញទម្លាក់ចំណង់ចំណូលចិត្តរបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសថៃ ផងដែរ ព្រោះបញ្ហានេះវានឹងកាត់បន្ថយសមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ចរបស់ប្រទេសថៃ។
កត្តាសំខាន់ទាំងពីរខាងលើនេះ កំពុងធ្វើឱ្យចំណង់ធុរកិច្ចនៅក្នុងប្រទេសថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះ មានសភាពកាន់តែអាក្រក់ថែមទៀត។ សេដ្ឋកិច្ចរបស់ថៃ កំពុងរងការគំរាមកំហែងពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ភាពចលនាចលនៃនយោបាយ ជម្លោះជាមួយប្រទេសជិតខាង និងភាពមិនច្បាស់លាស់ជុំវិញការពិភាក្សាលើបញ្ហាពន្ធគយបដិការជាមួយអាម៉េរិក ខណៈថ្ងៃឱសានវាទនៃការអនុវត្តពន្ធនេះនឹងចូលមកដល់នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។
សហព័ន្ធឧស្សាហកម្មថៃ បានគូសរំលេចបន្ថែមថា ការធ្លាក់ចុះចំណង់ធុរកិច្ចនៅក្នុងខែមិថុនា ដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នានេះ ត្រូវបានគេសន្មតថា ក៏អាចបណ្ដាលមកពីការលក់បង្ខូចតម្លៃរបស់ទំនិញបរទេសនៅក្នុងប្រទេសថៃ ផងដែរ ខណៈផលិតកម្មផ្តោតលើការនាំចេញកំពុងរងការវាយលុកពីទំនិញនាំចូលមានតម្លៃថោក៕
ដោយ៖ សុខ មង្គល