អ្នកលក់អំបុក

អ្នកលក់អំបុកកំពុងត្រូវប៉ាន់ ក្រោយសម្ដេចតេជោ ហ៊ុន សែន ឱ្យសប្បុរសជនជួយទិញយកទៅចែកជូនកងទ័ព និងជនភៀសសឹក


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកទឹកចិត្តឱ្យសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ព ឬជនភៀសសឹក។ ការលើកទឹកចិត្តបែបនេះធ្វើឡើងក្រោយ សម្តេចតេជោ បានឃើញសំណូមពររបស់យុទ្ធជនម្នាក់ពីសមរភូមិ ដែលកំពុងប្រយុទ្ធតទល់ការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ សុំឱ្យជំនួយជាអំបុក។ ការប្រកាសបែបនេះរបស់សម្តេចតេជោ បានជំរុញតម្រូវការអំបុកមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកលក់អំបុកនៅក្នុងស្រុកកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។
អ្នកលក់អំបុក
ដោយ

លោកស្រី កែវ ឆឿត ម្ចាស់សិប្បកម្មអំបុកមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបងបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកដល់ពេលនេះសិប្បកម្មអំបុករបស់លោកស្រី កំពុងមានភាពមមាញឹកក្នុងការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការ ខណៈក្នុង១ថ្ងៃអាចផលិតអំបុកបានប្រមាណ៩តោនប៉ុណ្ណោះ។ បើតាមម្ចាស់សិប្បកម្មរូបនេះ អំបុករបស់លោកស្រី ត្រូវបានអាជ្ញាធរ និងអតិថិជនបញ្ជាទិញអស់គ្មានសល់ ខណៈការផលិតមិនទាន់តម្រូវការនោះទេ។ ទោះបីអំបុកកំពុងមានតម្រូវការច្រើនក៏ដោយ តែលោកស្រី កែវ ឈួន អះអាងថា លោកស្រីមិនបានឆ្លៀតឱកាសដំឡើងថ្លៃនោះទេ ខណៈក្នុងអំបុក១គីឡូក្រាមអាចលក់ចេញក្នុងតម្លៃ៤ពាន់រៀល។

ដោយឡែកលោកស្រី សេង សារីន អ្នកលក់អំបុកលក្ខណៈគ្រួសារ ស្ថិតក្នុងខេត្តកំពង់ធំបានឱ្យដឹងថា អំបុករបស់លោកស្រី ក៏ដូចជាអ្នកភូមិឯទៀតដែរ ត្រូវបានអតិថិជនទិញអស់គ្មានសល់ និងអាចលក់បានតម្លៃ៨ពាន់រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ ត្រូវបានលោកស្រី អះអាងថា ជាតម្លៃធម្មតាមិនមានការដំឡើងថ្លៃនោះទេ ខណៈក្នុង១ថ្ងៃលោកស្រី ក៏ដូចជាអ្នកភូមិដទៃទៀត អាចផលិតអំបុកបានប្រមាណ៤០គីឡូក្រាមប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ថា សម្តេច បានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិ ដែលកំពុងប្រយុទ្ធតទល់ការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ សុំឱ្យជួយជាអំបុកល្អជាជាងជួយជាមីដល់ពួកគេ។ សម្រាប់សម្តេចតេជោ សំណូមពរនេះជាសំណូមពរសមហេតុសមផល តែសម្តេចយល់ថា ការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។ ស្របពេលស្រូវថ្មីកំពុងច្រូតកាត់ សម្តេចតេជោ លើកទឹកចិត្តឱ្យសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ព ឬជនភៀសសឹក។ សម្តេចតេជោបានលើកឡើងថា៖«ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ្នកកាសែតជើងចាស់ជនជាតិថៃម្នាក់ប្រដៅអ្នកកាសែតថៃទាំងឡាយថា តើគួរធ្វើជាអ្នកជំរុញសង្គ្រាម ឬធ្វើជាចង្កៀងបំភ្លឺផ្លូវឆ្ពោះទៅរកដំណោះស្រាយ?

អ្នកកាសែតជើងចាស់ជនជាតិថៃម្នាក់ប្រដៅអ្នកកាសែតថៃទាំងឡាយថា តើគួរធ្វើជាអ្នកជំរុញសង្គ្រាម ឬធ្វើជាចង្កៀងបំភ្លឺផ្លូវឆ្ពោះទៅរកដំណោះស្រាយ? លោក ប្រាវ…

ក្រោយរងការឈ្លានពានយ៉ាងព្រៃផ្សៃពីយោធាថៃជាលើកទីពីរ តើកម្ពុជាគួរបិទការនាំចូលទំនិញពីថៃទាំងស្រុងឬយ៉ាងណា?

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃហើយ ដែលក្រុមយោធាថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា និងបានសម្លាប់ជនស៊ីវិលខ្មែរស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ