
ការបន្ថែមជើងហោះហើរថ្មីនេះ នឹងផ្តល់ជម្រើសងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្ររបស់ប្រទេសចិនចូលមកកាន់កម្ពុជា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រទេសកម្ពុជា និងចិនបានបើកដំណើរការជើងហោះហើរត្រង់ថ្មីរវាងខេត្តសៀមរាប និងទីក្រុងស៊ិនជិន ដើម្បីសម្រួលការធ្វើដំណើរ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងស៊ិនជិន ប្រទេសចិន ដោយផ្ទុកអ្នកដំណើរពេញយន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាព្រឹត្តិការណ៍នៃការសម្ភោធជើងហោះហើរត្រង់ជាលើកដំបូងនេះ។
ខេត្តសៀមរាបដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈភាពល្បីល្បាយរបស់ប្រាសាទអង្គរវត្ត គឺជាទិសដៅដ៏ពេញនិយមមួយរបស់ទេសចរជនជាតិចិន ដែលពីមុនទេសចរចិនចង់មកលេងទីនេះតម្រូវឆ្លងកាត់តាមរាជធានីភ្នំពេញ ព្រោះកង្វះជើងហោះហើរត្រង់ពីប្រទេសចិនមកកាន់ខេត្តសៀមរាប។ ប៉ុន្តែតាមរយៈការតភ្ជាប់ជើងហោះហើរត្រង់នេះនឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្ររបស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ផងដែរ។ ជើងហោះហើរត្រង់នេះដំណើរការរៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ឬA321។
លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានគូសបញ្ជាក់ថា ការចាប់ផ្តើមជើងហោះហើរត្រង់ថ្មីរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងសិនជិនប្រទេសចិននេះ អាចសម្រេចទៅបាន ដោយសារមានការសហការណ៍យ៉ាងពេញលេញពីក្រុមហ៊ុន Shenzhen Airport Group និងក្រុមហ៊ុន Yunnan Air Investment (Cambodia) Airport Management ដោយបានចូលរួមក្នុងការបំពេញបន្ថែមនូវចន្លោះទីផ្សារសម្រាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាបទៅកាន់ទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកការតភ្ជាប់ជើងហោះហើរថ្មីនេះ មិនត្រឹមជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្ររបស់ប្រទេសចិននោះទេ ប៉ុន្តែវានឹងជួយទាក់ទាញឱ្យភ្ញៀវទេសចរអឺរ៉ុប និងអាម៉េរិកមួយចំនួនធំ ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាបអាចបន្តដំណើរទៅកាន់ប្រទេសចិនផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា នៅក្នុងខែមិថុនា កន្លងមកទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរចេញចូលចំនួន៨៩០ជើង ជាមួយអ្នកដំណើរជាង៧ម៉ឺននាក់។ ជើងហោះហើរទាំងនេះប្រតិបត្តិការដោយក្រុមហ៊ុនអន្តរជាតិចំនួន៨ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកពីរ។
បន្ថែមពីលើភ្នាក់ងារទេសចរណ៍តំបន់ឈូងសមុទ្រ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅទីក្រុង ចឹងចូវ ណាននីង និងហុងកុង ដើម្បីអភិវឌ្ឍកញ្ចប់ទេសចរណ៍រួមបញ្ចូលគ្នាក្រោមប្រធានបទ«តភ្ជាប់ទីក្រុងស៊ិនជិន ជាមួយតំបន់ពីររបស់កម្ពុជា ចូលតាមរាជធានីភ្នំពេញ ចេញតាមខេត្តសៀមរាប» ផងដែរ៕