អត្ថបទពាណិជ្ជកម្ម

កម្ពុជា និងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកដំណើរការទទួលយកការទូទាត់ឆ្លងដែន តាមរយៈ UPI និង KHQR


ធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកឈានមុខគេន នៅថ្ងៃ ៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន NPCI International Payments Limited (NIPL) ដែលជាក្រុមហ៊ុនដៃគូអន្តរជាតិរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI) ដើម្បីបើកដំណើរការទទួលយកការទូទាត់ឆ្លង់ដែន តាមរយៈ UPI របស់ឥណ្ឌា និង KHQR របស់កម្ពុជា។ នៅក្នុងដំណាក់កាលទី១នេះ អ្នកប្រើប្រាស់របស់ឥណ្ឌា អាចស្កេនទូទាត់ KHQR របស់កម្ពុជាបានយ៉ាងងាយស្រួល។
កម្ពុជា និងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកដំណើរការទទួលយកការទូទាត់ឆ្លងដែន តាមរយៈ UPI និង KHQR
ដោយ
អំពី Acleda Bank

ភាពជាដៃគូនេះនឹងផ្តល់ជូនអ្នកធ្វើដំណើរជនជាតិឥណ្ឌា និងកម្ពុជា នូវភាពងាយស្រួលនៃការទូទាត់តាមឃ្យូអរកូត យ៉ាង​រហ័សទាន់ចិត្ត និងមានសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត។ ក្នុងន័យនេះ ភ្ញៀវទេសចរ ដែលជាជនជាតិឥណ្ឌានៅកម្ពុជា អាចប្រើប្រាស់កម្មវិធី UPI ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បានយ៉ាងងាយស្រួលនៅតាមទីតាំងរបស់អាជីវករចំនួនជាង ៤លាន៥សែនកន្លែង​នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរកម្ពុជានៅប្រទេសឥណ្ឌា នឹងអាចស្កេន UPI QRs ចំនួនជាង ៧០៩ លាន ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ យ៉ាងងាយស្រួលដោយប្រើកម្មវិធីទូទាត់ប្រាក់ Bakong (KHQR) របស់កម្ពុជា។ កិច្ចសហការនេះ​នឹងគាំទ្រដល់ធុរកិច្ចក្នុងប្រទេសទាំងពីរដោយផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព ការទូទាត់តាម​អន្តរប្រតិបត្តិការ និងមានប្រសិទ្ធភាព តាមរយៈ UPI និង KHQR ដែលជួយបង្កើនភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​នៅក្នុងទីផ្សារ​នៃប្រទេសទាំងពីរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មទូទាត់ឆ្លងដែន ជាមួយក្រុមហ៊ុន NPCI International Payments Limited។ កិច្ចព្រមព្រៀងសេវាកម្មនេះ នឹងអនុវត្តតាមលក្ខខណ្ឌជាផ្លូវការតាមលក្ខណៈបច្ចេកទេស និងការភ្ជាប់ប្រព័ន្ធ​ប្រតិបត្តិការ​តាមរយៈបណ្តាញ UPI របស់ក្រុមហ៊ុន NPCI ជាមួយប្រព័ន្ធអេកូឡូស៊ី KHQR របស់ធនាគារ អេស៊ីលីដា។

ការបង្កើតបណ្តាញប្រតិបត្តិការនេះធានានូវការទូទាត់ដែលមានសុវត្ថិភាព និងអាចធ្វើអន្តរកម្មទូទាត់បានយ៉ាងងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអតិថិជនឥណ្ឌា ប្រើប្រាស់ទូរស័ព្ទចល័តដើម្បីស្កេនឃ្យូអរកូតសម្រាប់​ទូទាត់ទិញទំនិញ និងសេវាកម្ម របស់ពាណិជ្ជករកម្ពុជា។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយផ្តល់នូវមធ្យោបាយ​ដល់អតិថិជនជាមួយនឹង​ជម្រើសការទូទាត់ឆ្លងដែន ល្បឿនរហ័ស និងមានសុវត្ថិភាព ដែលជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជា និងឥណ្ឌា បានផ្តួចផ្តើមបង្កើតការទូទាត់តាមប្រព័ន្ធឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណជាតិរវាងកម្ពុជា និងឥណ្ឌា។ កាលពីខែមីនា ឆ្នាំ២០២៣ ធនាគារជាតិ​ នៃ កម្ពុជា និង NIPL បានចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរការឱ្យមានការទូទាត់ប្រាក់ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌា។ ជាមួយគ្នានេះដែរ នៅខែឧសភា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) ជាមួយ NPCI International Payment Limited (NIPL) សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ ធនាគារ​ អេស៊ីលីដា និង NIPL នឹង​សហការ​គ្នា​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ឃ្យូអរ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា និង NIPL បាននឹងកំពុងសហការគ្នាអភិវឌ្ឍសមាហរណកម្មប្រព័ន្ធទូទាត់ឆ្លងដែន។ ហើយគម្រោងនេះផងដែរ នឹងគ្រោងដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសកម្ពុជា និងឥណ្ឌា (ឥណ្ឌា QR UPI ស្កេន KHQR) នៅក្នុងឆមាសទី ២ នៃឆ្នាំ២០២៦។ នាពេលអនាគត ធនាគារ  អេស៊ីលីដា និង NPCI International Payment Limited (NIPL) នឹងសហការជាមួយធនាគារដៃគូបន្ថែមទៀត ដើម្បីរួមបញ្ចូលប្រព័ន្ធទូទាត់ឃ្យូអរ ដែលអាចឱ្យ អតិថិជនទទួល បាន ការទូទាត់ឆ្លងដែន រវាងប្រទេសកម្ពុជា និងឥណ្ឌា។

កិច្ចសហប្រតិបត្តិការនេះ តំណាងឱ្យភាពជោគជ័យ ដ៏សំខាន់មួយ នៅក្នុងការពង្រីកវិសាលភាពជាសកល ក្រៅពីតំបន់អាស៊ាន ដោយបន្ថែមប្រតិបត្តិការទូទាត់ឆ្លងដែនទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសដទៃទៀត ដោយពង្រឹងទីតាំងរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូនៃការទូទាត់តាមឌីជីថលអន្តរជាតិ ដោយសម្របសម្រួលប្រតិបត្តិការកាន់តែមានភាពរលូន រហ័ស និងមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកធ្វើដំណើរ ដោយហេតុនេះជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីឈានទៅរកបណ្តាញទូទាត់សកលដែលអាចធ្វើអន្តរកម្មបានពេញលេញ។”

លោក Ritesh Shukla, នាយក​ប្រតិបត្តិ ក្រុមហ៊ុន NPCI International បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាជំហានដ៏សំខាន់មួយក្នុង​ការពង្រឹងច្រករបៀងទូទាត់​ឌីជីថលអន្តរប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា។ តាមរយៈការបើកដំណើរការឱ្យ​មានការទទួលយកការទូទាត់តាមរយៈ UPI និង KHQR នៅក្នុងប្រទេសទាំងពីរ គឺមានគោលបំណងជំរុញឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ​នៃប្រទេសទាំងពីរកាន់តែ​មានភាពងាយស្រួល និងផ្តល់ឱ្យអតិថិជននូវជម្រើសនៃការទូទាត់យ៉ាងសំបូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រីកការទូទាត់ប្រាក់តាមបែបឌីជីថលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងវិសាលភាព​ក្នុងការទូទាត់ឌីជីថលនៅក្នុងកម្រិតសកល។” NPCI International Payments Limited (NIPL) ជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI)។ ក្នុងនាមជាដៃគូរបស់ NPCI អន្តរជាតិ NIPL មានការប្តេជ្ញាក្នុងការដាក់ពង្រីកបណ្តាញប្រព័ន្ធទូទាត់របស់ NPCI - Unified Payments Interface (UPI) និងគម្រោងបណ្ណ (RuPay) នៅខាងក្រៅប្រទេសឥណ្ឌា។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨​ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧០លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៥លាននាក់៕




អត្ថបទបន្ទាប់


មេ UN ស្នើឱ្យកាត់បន្ថយការចំណាយជិត៦០០លានដុល្លារ និងបុគ្គលិកជិត ១៩% នៅឆ្នាំក្រោយ

លើកឡើងកាលពីថ្ងៃទី១ ខែធ្នូ ថា ពេលនេះ លោកកំពុងស្វែងរកវិធីមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ដោយក្នុងនោះលោកបានស្នើសុំឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ