
ក្រៅតែពីបទឈប់បាញ់ ប្រទេសកម្ពុជា និងថៃ ក៏បានព្រមព្រៀងគ្នា រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៤ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ។
បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀង រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មាន ក្រោយកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៨ ខែកក្កដា ស្ដីអំពីការឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការចរចានេះ គឺជាជំនួបដ៏ល្អ ហើយសម្តេចធិបតីសង្ឃឹមថា ភាគីទាំងពីរនឹងបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់។ សម្តេចបានគូសបញ្ជាក់ទៀតថា មានប្រជាជនប្រមាណ ៣០ម៉ឺននាក់នៃប្រទេសទាំងពីរ បានភៀសខ្លួនដោយសារតែជម្លោះប្រដាប់អាវុធនេះ។
បន្ថែមពីនេះ ប្រមុខមេដឹកនាំកម្ពុជាក៏បានថ្លែងអំណរគុណដល់លោក អាន់វ៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលចិន ចំពោះការចូលរួមរបស់ពួកគេក្នុងការសម្រុះសម្រួល ក្នុងកិច្ចព្រមព្រៀងនេះ។
ដោយឡែក លោក ផុមថាម វិឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃវិញ បានថ្លែងសារយ៉ាងខ្លី ដោយគូសបញ្ជាក់ថា បទឈប់បាញ់ ដែលបានចរចា ដោយប្រទេសរបស់លោក ជាមួយនឹងកម្ពុជា គឺធ្វើឡើង "ដោយសុច្ចរិត" ហើយថា ប្រទេសថៃប្តេជ្ញាចិត្តដើម្បីសន្តិភាព។
ការសម្រេចបាននូវបាននូវបទឈប់បាញ់នេះ គឺជាក្ដីសង្ឃឹមថ្មីមួយសម្រាប់ប្រទេសជិតខាងទាំងពីរ ដើម្បីស្វែងរកការចរចាដើម្បីបញ្ចប់ជម្លោះតាមព្រំដែន ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសបានអំពាវនាវឱ្យមានការបញ្ចប់សង្គ្រាម និងការរក្សានូវសុខសន្ដិភាព។
គិតត្រឹមរយៈពេល ៥ថ្ងៃនៃការផ្ទុះសង្គ្រាមឈ្លានពានដោយភាគីថៃ មកលើប្រទេសកម្ពុជា បានបង្កឱ្យមានការស្លាប់ និងរបួសទាហាន និងជនស៊ីវិលជាច្រើននាក់ និងការខូចខាតផ្ទះសម្បែងសាលារៀន មន្ទីរពេទ្យជាច្រើនផងដែរ។ ត្រឹមរយៈពេល ៥ថ្ងៃនៃការផ្ទុះអាវុធដាក់គ្នា យ៉ាងហោចណាស់នៅកម្ពុជា មានពលរដ្ឋភៀសឹកមកពីខេត្តចំនួន៤ សរុបមានចំនួនប្រមាណជាង ១៣ម៉ឺន៤ពាន់នាក់ ក្នុងនោះ រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការផងដែរ។
ដោយឡែក របាយការណ៍ពីក្រសួងការងារ បានឱ្យដឹងថា ក្នុងរយៈពេល ៥ថ្ងៃមកនេះ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងសម្រុកវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ បានកើនដល់ប្រមាណ ៤០ម៉ឺននាក់ ហើយចំនួននេះរំពឹងថា នឹងអាចកើនឡើងថែមទៀត។