
នាសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជក់ថា កងទ័ពថៃបានបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើននៅថ្ងៃទី២នេះ ចាប់តាំងពីម៉ោងប្រមាណ៣ទៀបភ្លឺមក ទៅលើទីតាំងចំនួន៧របស់កម្ពុជា ជាមួយនឹងការប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងគ្រាប់បែកចង្កោមផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការប្រើប្រាស់អាវុធកាន់តែធ្ងន់ទៅៗ និងការពង្រាយទាហានកាន់តែច្រើនលើសលប់របស់ភាគីថៃ ដើម្បីទន្រ្ទានលើទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងច្បាស់ពីធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ តាមរយៈបញ្ហានេះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ និងត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានយ៉ាងកម្រោលរបស់ខ្លួន និងអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវអរិភាពរបស់ខ្លួន និងដកកងកម្លាំងខ្លួនចេញពីតំបន់ឈ្លានពានមកលើកម្ពុជា។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ កម្ពុជា គឺរក្សាគោលការណ៍ការពារខ្លួនដោយផ្តោតលើគោលដៅយោធា និងមិនផ្តោតលើទីតាំងស៊ីវិលណាមួយឡើយ។
ជាមួយគ្នានេះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមនៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា ដែលជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ បើតាមអាជ្ញាធរមីនកម្ពុជា ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ដ្បិតថា វាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ភាគីថៃនាពេលនេះ គឺពិតជាបានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ