អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់ថា តាមពិតទៅសំឡេងផ្ទុះ និងសំឡេងកាំភ្លើង គឺបានកើតឡើងនៅខាងទឹកដីភាគីថៃទៅវិញទេ។ ភ្លាមៗនោះ ក្រុមទំនាក់ទំនងព្រំដែននៃយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរគ្នា រួមទាំងផ្តល់ព័ត៌មានយ៉ាងច្បាស់លាស់ថា កងកម្លាំងកម្ពុជាពុំបានប្រើប្រាស់អាវុធ ឬបាញ់ប្រហារដូចការចោទប្រកាន់នោះឡើយ។
ទន្ទឹមនឹងនេះក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ពីជំហរម៉ឺងម៉ាត់ក្នុងការគោរពតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តរាល់កិច្ចព្រមព្រៀងសន្តិភាពប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងប្រឆាំងដាច់ខាតចំពោះរាល់ព័ត៌មានក្លែងក្លាយ ដែលមានបំណងរារាំងដំណើរការស្តារប្រក្រតីភាពឡើងវិញ។ ក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕