បញ្ហាកូវីដ-១៩ ក៏ដូចជាការខ្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យកាត់ដេរនេះ កំពុងធ្វើឲ្យការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិកំពុងជួបបញ្ហារអាក់រអួលកាន់តែខ្លាំងឡើង នៅគ្រាដែលការបញ្ជាទិញពីបណ្ដាប្រទេសបញ្ជាទិញនៅបន្ដមានជាហូរហែដដែល បើទោះបីកូវីដ-១៩កំពុងបន្ដរាលដាលក៏ដោយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)បានបញ្ជាក់ប្រាប់ ខេមបូណូមីស ថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបង្កឲ្យមានភាពរអាក់រអួលមួយចំនួន នៅក្នុងការផ្គត់ផ្គង់ទំនិញវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិ។ លោកបន្ថែមថា បញ្ហានេះប្រាកដណាស់ វានឹងធ្វើឲ្យប៉ះពាល់តួលេខនាំចេញផលិតផលវាយនភណ្ឌកាត់ដេរប្រចាំឆ្នាំរបស់កម្ពុជាជាក់ជាមិនខាន។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជារូបនេះ បានអះអាងថា ការរអាក់រអួលក្នុងការផ្គត់ផ្គង់សម្ភារវាយនភណ្ឌនេះ ដោយសារោងចក្ររោងមួយចំនួនខ្វះកម្លាំងពលកម្ម និងមួយចំនួនទៀតគ្មានម៉ោងធ្វើការគ្រប់គ្រាន់។ ម្យ៉ាងទៀត រោងចក្រទាំងអស់ត្រូវកាត់បន្ថយកម្លាំងពលកម្ម៥០% នៃចំនួនកម្លាំងពលកម្មសរុប ដែលជាវិធានការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល។ រោងចក្រខ្លះដែលបានបើកដំណើរឡើងវិញ ក៏កំពុងប្រឈមនឹងការបិទទ្វារផងដែរ ដោយសារការផ្ទុះការឆ្លងជំងឺកូវីដ-១៩នៅក្នុងរោងចក្រនោះ។
ក្នុងបទសម្ភាសន៍ជាមួយខេមបូណូមីស លោក កាំង ម៉ូនីកា បានបញ្ជាក់ដូច្នេះថា៖«រោងចក្រកាត់ដេរមានការបញ្ជាទិញក្នុងការផលិត ប៉ុន្តែរោងចក្រជាច្រើនគ្មានម៉ោងធ្វើការ និងកម្លាំងពលកម្មគ្រប់គ្រាន់ក្នុងការផលិត។ កត្តានេះធ្វើឲ្យកាលវិភាគនៃការដឹកជញ្ជូនភាគច្រើនត្រូវបានពន្យារពេល។
បើតាមរបាយការណ៍នាំចេញរបស់ក្រសួងពាណិជ្ជកម្មក្នុងរយៈពេល៤ខែកន្លង ការនាំចេញទំនិញវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង២ពាន់៣រយពាន់លានដុល្លារធា្លក់ចុះជិត២% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះជិត៣%។
សូមបញ្ជាក់ថា បញ្ហារីករាលដាលកូវីដ-១៩នៅកម្ពុជាហាក់នៅតែទាន់ធូរស្រាលនៅឡើយទេ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានរាប់រយនាក់ដដែល។ ជាក់ស្ដែង នៅថ្ងៃទី ០៣ ខែមិថុនា តួលេខពីក្រសួងសុខាភិបាលបង្ហាញថា ចំនួនអ្នកឆ្លងថ្មីដែលបានរកឃើញមាន ៧២៩នាក់ ជាសះស្បើយ៧២១នាក់ និងស្លាប់ចំនួន៦នាក់។ បើសរុបតួលេខអ្នកឆ្លងសរុបវិញ គិតមកទល់ថ្ងៃទី ០៣ ខែមិថុនា កម្ពុជាមានអ្នកឆ្លងសរុបជាង៣ម៉ឺន២ពាន់នាក់ហើយ ក្នុងនោះ អ្នកជាសះស្បើយមានជាង២ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់មាន២៣៦នាក់៕