រយៈពេលជិត១ខែចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ មានការថមថយចុះគួរឲ្យកត់សម្គាល់ ខណៈប្រទេសប្រ៊ុយណេដែលធ្លាប់តែមានអត្រាឆ្លងតិចជាងគេបំផុតនៅអាស៊ាន ពេលនេះបានរំកិលធ្លាក់មកនៅក្រោមកម្ពុជាវិញម្តង ក្រោយកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយ បន្តរកឃើញករណីឆ្លងថ្មីតែជាង១០០ករណីប៉ុណ្ណោះ រីឯប្រ៊ុយណេវិញមានការកើនឡើងបន្តិច ដោយបានបន្តរកឃើញករណីឆ្លងថ្មីដល់ទៅជិត ៣០០ករណីនឯណោះ។
បើសង្កេតមើលប្រទេសដទៃទៀតក្នុងតំបន់អាស៊ានវិញ ឃើញថាប្រទេសថៃនៅតែជាប្រទេសដែលមានអ្នកឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេដដែល បើទោះបីជាអត្រាឆ្លងបានធ្លាក់ចុះពីជាង១ម៉ឺននាក់ មកនៅត្រឹមជាង ៨ពាន់នាក់ក្នុងមួយថ្ងៃក៏ដោយ។ បន្ទាប់ពីប្រទសថៃ មានប្រទេស៣ផ្សេងទៀត ដែលមានអត្រាឆ្លងក្នុងរង្វង់ជាង៤ពាន់នាក់ក្នុងមួយថ្ងៃ នោះគឺប្រទេសវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។
យ៉ាងណាមិញ បើគេនិយាយពីចំនួនអ្នកឆ្លងកូវីដ១៩សរុប ឥណ្ឌូនេស៊ី នៅតែបន្តឈរកំពូលតារាងមានអ្នកឆ្លងសរុបច្រើនជាងគេក្នុងតំបន់អាស៊ាន ពោលគឺមានជាង៤លាននាក់ ខណៈប្រ៊ុយណេមានអ្នកឆ្លងសរុបតិចជាងគេ ត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។
ដោយឡែក បើក្រឡេកមើលអត្រាចាក់វ៉ាក់សាំងវិញ កម្ពុជាគឺជាប្រទេស ដែលមានពលរដ្ឋបានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់បើធៀបនឹងប្រទេសដទៃក្នុងតំបន់អាស៊ាន។
ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៥ ខែតុលា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមានដល់ទៅ៩៩,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ខណៈអត្រាចាក់វ៉ាក់សាំងដល់កុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមានជាង៩០%។ នេះបើតាមទិន្នន័យផ្លូវការពីក្រសួងសុខាភិបាល។
បន្ទាប់ពីកម្ពុជា ក៏មានដែរ ប្រទេសអាស៊ានផ្សេងទៀតដែលមានអត្រាចាក់វ៉ាក់សាំងច្រើន ដូចជាប្រទេសសិង្ហបុរីចាក់បាន ៨១% ប្រ៊ុយណេចាក់បាន៧៩% ម៉ាឡេស៊ី ចាក់បាន ៧៧% ខណៈប្រទេសក្បែរខាងកម្ពុជា ថៃ និងវៀតណាម ចាក់បានជាង ៥០%ប៉ុណ្ណោះ។ នេះបើតាមតួលេខពីស្ថាប័ន Our World In Data។
គួរជម្រាបថា គិតត្រឹមថ្ងៃ២៥តុលា ករណីឆ្លងសរុបក្នុងប្រទេសទាំង១០នៅអាស៊ាន បានកើនឡើងដល់ជាង១៣លាននាក់ហើយ ខណៈចំនួនអ្នកស្លាប់សរុបមានជាង២៧ម៉ឺន៥ពាន់នាក់។ ក្នុងនោះដែរ បើមើលទៅលើប្រទេសកម្ពុជាវិញ គឺមានអ្នកឆ្លងកូវីដ១៩សរុបជាង ១១ម៉ឺន៧ពាន់នាក់ អ្នកជាសះស្បើយប្រមាណ ១១ម៉ឺននាក់៣ពាន់នាក់ ខណៈអ្នកស្លាប់មានជាង ២ពាន់៧រយនាក់៕