ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាពឱ្យបានលឿន និងចំគោលដៅ ពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែនភាគខាងលិចរបស់កម្ពុជា ដើម្បីឆ្លើយតបកាន់តែប្រសើរសម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មដោយកាត់បន្ថយទាំងពេលវេលា និងចំណាយ គឺជាចលករដ៏សំខាន់ក្នុងការជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជំរុញឱ្យក្រសួង បន្តពង្រឹងគុណភាពសំណង់ផ្លូវថ្នល់ និងការតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ចសក្តានុពល ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។ ស្របពេលដែលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ស្នើឱ្យមានការធ្វើបច្ចុប្បន្នភាព និងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះជាអាទិភាព ដើម្បីធានាថាការដឹកជញ្ជូនកសិផល និងទំនិញនៅតែមានដំណើរការរលូន និងមិនមានការរអាក់រអួល។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការដឹកជញ្ជូននៅកម្ពុជា មានការវិវឌ្ឍរីកច្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការដឹកជញ្ជូនធុនធ្ងន់ ឬក្នុងបរិមាណច្រើន ជាពិសេសប្រព័ន្ធផ្លូវដែកនៅមានកម្រិតនៅឡើយ។ លោកបានបញ្ជាក់ថា ការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវដែកពីតំបន់ភាគខាងលិចមកកាន់រាជធានីភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាចំណុចគន្លឹះដែលត្រូវយកចិត្តទុកដាក់បន្ថែម ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនកសិផល។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងខិតខំជំរុញការអភិវឌ្ឍ និងការតភ្ជាប់រវាងប៉ូលសេដ្ឋកិច្ច និងតំបន់សក្តានុពលនានាទូទាំងប្រទេស។ ឯកឧត្តម ជឿជាក់ថា តាមរយៈការដាក់ចេញនូវទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០២៦ វិស័យដឹកជញ្ជូនកម្ពុជានឹងមានរបត់ថ្មី ដែលមានប្រសិទ្ធភាព និងភាពធន់ជាងមុន។
គួរបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន គឺជាសសរស្តម្ភមួយក្នុងចំណោមអាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យការរីកចម្រើន នៃសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន