សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនចូលរួមក្នុងចលនាផ្តួលរលំសេដ្ឋកិច្ចប្រទេសណាមួយឡើយ

សម្ដេចតេជោ ហ៊ុន សែនប្រកាសថា កម្ពុជាមិនចូលរួមក្នុងចលនាផ្តួលរលំសេដ្ឋកិច្ចប្រទេសណាមួយឡើយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីថា ស្ថិតក្នុងសេដ្ឋកិច្ចកំពុងមានការប្រកួតប្រជែងខ្លាំងក៏ពិតមែន ប៉ុន្ដែ កម្ពុជាមិនចូលរួមក្នុងចលនាផ្ដួលរលំសេដ្ឋកិច្ចប្រទេសណាមួយនោះឡើយ។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា។ សម្ដេចតេជោ បានលើកឡើងថា ពិភពលោកដែលសុខសាន្ត គឺពិភពលោកដែលរីកចម្រើនទាំងអស់គ្នា។ ការអះអាងរបស់សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ញើញចូលរួមចែកសញ្ញាបត្រជូននិស្សិតជ័យលាភីជិត៥ពាន់នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រូបភាព៖ SPM Page

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាមិនមានការទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសណាមួយឡើយ ដ្បិតបច្ចុប្បន្ន ពិភពលោកស្ថិតក្នុងសេដ្ឋកិច្ចប្រកួតប្រជែង ប៉ុន្ដែមិនបានមានន័យថា ត្រូវតែផ្ដួលរលំដៃគូនោះទេ។ ផ្ទូយទៅវិញ វាគួរតែជាការប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា។ សម្ដេចបានបញ្ជាក់ថា ការបន់ស្រន់ ឬការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសណាមួយអន់ថយជាងខ្លួន គឺជាការគិតខុសទៅវិញទេ ព្រោះសេដ្ឋកិច្ចរបស់ប្រទេសមួយរីកចម្រើនត្រូវពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃ។ សម្ដេចបន្ថែមថា ការបន់ស្រន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ច ជាពិសេសអាម៉េរិក និងអឺរ៉ុប ជាដើមនោះ កម្ពុជានឹងរងផលប៉ះពាល់លើការបញ្ជាទិញ ដោយសារតែកម្ពុជាមានសក្តានុពលទីផ្សារនៅទីនោះ។

លើសពីនោះ សម្ដេចក៏បានលើកឡើងពីឥទ្ធិពលនៃភាពខ្លាំងរបស់សេដ្ឋកិច្ចមហាយក្សចិនមកលើកម្ពុជា និងតំបន់អាស៊ាន ផងដែរ ដោយសម្ដេចបញ្ជាក់ដូច្នេះថា ចិនគឺជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ដែលមិនអាចមានអ្នកណាទៅរារាំងលើការរីកចម្រើនលូតលាស់របស់ចិនបានឡើយ។ បើតាមសម្ដេចតេជោ ហ៊ុន សែន ភាពខ្លាំង និងការរីកចម្រើនលូតលាស់របស់ចិន បានផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា និងអាស៊ាន តាមរយៈការនាំចេញទំនិញ ការនាំចូលវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ និងភ្ញៀវទេសចរ ជាដើម។ ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង២លាននាក់ មុនពេលរីករាលដាលជំងឺកូវីដ១៩ផងដែរ។ សម្តេចមានប្រសាសន៍បន្តថា ស្របពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន, និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានធ្វើឱ្យចិនក្លាយជាទីផ្សារដ៏ធំសម្រាប់ប្រទេសអាស៊ាន និងកម្ពុជា។

សូមបញ្ជាក់ថា ដ្បិតនៅក្នុងឆ្នាំ២០២២ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបាននូវភាពវិជ្ជមាន។ ក្នុងនោះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារគោលដៅធំជាងគេរបស់កម្ពុជា ដោយបានក្ដោបរហូត ៤០% នៃការនាំចេញសរុប ដែលគិតជាទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ។ បន្ទាប់មកទីផ្សារសហភាពអឺរ៉ុប ជាទីផ្សារគោលដៅធំទី២ មានចំនួន ១៨%។ ចំណែកឯ តំបន់អាស៊ាន បានក្លាយជាទីផ្សារគោលដៅទី៣ របស់កម្ពុជា ដែលបានក្ដោប ១៥% នៃការនាំចេញសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕




អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលជឿជាក់ថា កម្ពុជា-ចិននឹងបង្កើនជើងហោះហើរ ៣០០ជើងក្នុង ១សប្តាហ៍ក្នុងពេលឆាប់ៗខាងមុខ

កម្ពុជាជាប្រទេសដំបូងគេបង្អស់ ដែលត្រូវបានរដ្ឋាភិបាលចិនបើកឲ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើរចេញចូលជាលក្ខណៈទេសចរណ៍នៅក្នុងអំឡុងនៃវិបត្តិជំងឺរាតត្បាត…

អាជ្ញាធរ បន្ដរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងហាងបញ្ចាំជាច្រើនធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថា និយ័តករបានរកឃើញក្រុមហ៊ុនអភិវឌ្ឍន៍អលចនទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ