វិស័យពាណិជ្ជកម្ម

កម្ពុជា កំពុងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស និងប្រទេសនៅតំបន់អឺរ៉ុប ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច


តាមផែនការ កម្ពុជា គ្រោងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ទៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២៩ ហើយតាមរយៈការចាកចេញនេះ អាចផ្ដល់ទាំងផលវិជ្ជមាន និងផលអវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដ្បិតថា កម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្ម បាត់ការទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់សម្បទាន និងជំនួយមួយចំនួនជាដើម។
វិស័យពាណិជ្ជកម្ម
ដោយ

ដើម្បីទប់ទល់នឹងការបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្មនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា បច្ចុប្បន្នកម្ពុជា​ កំពុងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចក្រភពអង់គ្លេស និងបណ្តាប្រទេសធំៗនៅសហគមន៍អឺរ៉ុប និងអឺរ៉ុបខាងកើត ដើម្បីរក្សាទីផ្សារនាំចេញរបស់ខ្លួន។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា កំពុងជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស និងប្រទេសធំៗមួយចំនួនទៀតនៅតំបន់អឺរ៉ុប ដូចអាល្លឺម៉ង់ និងបារាំងជាដើម ក៏ដូចជាប្រទេសនៅតំបន់អឺរ៉ុបខាងកើត ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនោះ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការចរចាកិច្ចព្រមព្រៀងនេះ ក៏ដើម្បីត្រៀមសម្រាប់ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ផងដែរ ដ្បិតថា នៅពេលកម្ពុជា ចាកចេញពីក្រុមប្រទេស LDC នោះការអនុគ្រោះពន្ធពាណិជ្ជកម្មផ្សេងៗនឹងត្រូវចាត់បង់។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកគម្រោងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា គឺជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងឥទ្ធិពល និងមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាល ក៏បានរៀបចំផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីត្រៀមឆ្លើយតបនឹងលទ្ធផលនៃការចាកចេញនេះ។ សម្រាប់អ្នកជំនាញរូបនេះ នៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងប្រឈមមុខនឹងសម្ពាធពន្ធខ្ពស់ពីសហរដ្ឋអាម៉េរិក និងការត្រៀមខ្លួនចាកចេញពីប្រទេស LDC ការខិតខំធ្វើយ៉ាងណាឱ្យទទួលបាននូវអត្រាពន្ធនាំចេញទាបលើទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុប និងប្រទេសដៃគូរពាណិជ្ជកម្មធំៗ ជាកិច្ចការសំខាន់ណាស់ដើម្បីជំរុញកំណើនវិនិយោគ និងការនាំចេញរបស់កម្ពុជា។

​ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការពង្រឹង និងពង្រីកទីផ្សារនាំចេញសម្រាប់ទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា ពិសេសផលិតផលវាយនភណ្ឌកាត់ដេរទៅកាន់ទីផ្សារថ្មីៗ ក្រៅពីទីផ្សារសហរដ្ឋអាម៉េរិក គឺជាផែនការចាំបាច់ដែលកម្ពុជា ត្រូវត្រៀមខ្លួន មុនឈានទៅចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច និងដើម្បីសម្រាលបន្ទុកពីគំនាបពន្ធបដិការរបស់អាម៉េរិក។

​គួរជម្រាបថា បើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តែយ៉ាងណា ក្រោយការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជា មិនទាន់បាត់បង់ការអនុគ្រោះពន្ធ និងជំនួយផ្សេងៗភ្លាមៗនោះទេ ពោលគឺកម្ពុជា អាចបន្តទទួលបានការអនុគ្រោះនេះចន្លោះពី២ទៅ៣ឆ្នាំ​ទៀត។ យ៉ាងណាមិញ ក្រោយការចាកចេញពីឋានៈនេះហើយ កម្ពុជា ក៏អាចធ្លាក់មកជាប្រទេសមានការអភិវឌ្ឍតិចតួចវិញផងដែរ៕




អត្ថបទបន្ទាប់


តើកម្ពុជា មានលទ្ធភាពកម្រិតណាក្នុងការទទួលបានការបញ្ចុះពន្ធបដិការពីអាម៉េរិកបន្ថែមទៀត ស្របពេលឱសានវាទជិតចូលមកដល់?

វិធានការពន្ធបដិការ៣៦% របស់សហរដ្ឋអាម៉េរិក មកលើទំនិញរបស់កម្ពុជា ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ កំពុងបង្កជាក្ដីបារម្ភដល់ការធ្វើ…

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយខែមកនេះ

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃចន្ទ ទី២១ ខែ កក្កដានេះ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយខែកន្លងមកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ