សារព័ត៌មាន The Nation បានទម្លាយថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានស្កាត់ទៅជួបជជែកជាមួយក្រុមទីប្រឹក្សាច្បាប់អន្តរជាតិ លំដាប់កំពូលរួចរាល់ហើយនៅទីក្រុងប៉ារីស បន្ទាប់ពីកម្ពុជា បានបើកសន្លឹកបៀរច្បាប់អន្តរជាតិមួយនេះ។
បុរសមុខគជ់ដែលគេស្គាល់ថា អាចញញឹមបានគ្រប់ស្ថានការណ៍លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ត្រូវបានរាយការណ៍ថា បានបើកកិច្ចប្រជុំយុទ្ធសាស្ត្រមួយយ៉ាងក្តៅគគុកជាមួយក្រុមទីប្រឹក្សាផ្នែកច្បាប់អន្តរជាតិរបស់ថៃ នៅទីក្រុងប៉ារីស។ នេះជាការរៀបចំខ្សែត្រៀមការពារខ្លួនរបស់ទីក្រុងបាងកក ដើម្បីឆ្លើយតបនឹងចំណាត់ការច្បាប់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមដោះស្រាយវិវាទដែនសមុទ្រតាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមឆត្រនៃអនុសញ្ញា UNCLOS។
ជំនួបលាក់កំបាំងនៅទីក្រុងប៉ារីសនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រាប់ពីការផ្តើមដំណើរការដោះស្រាយវិវាទព្រំដែនសមុទ្ររវាងប្រទេសទាំងពីរតាមផ្លូវច្បាប់អន្តរជាតិ បន្ទាប់ពីភាគីថៃ បានសម្រេចលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាឯកសារគតិយុទ្ធទ្វេភាគីតែមួយគត់សម្រាប់ចរចាប្រមាណ២៥ឆ្នាំកន្លងមកនេះ។
បើពិនិត្យឱ្យជាក់សកម្មភាពការទូតច្បាប់របស់កម្ពុជា នៅពេលនេះ មិនមែនជាការដាក់សម្ពាធ ឬគាបសង្កត់លើភាគីថៃ នោះឡើយ ប៉ុន្តែវាគឺជាការស្វែងរកដំណោះស្រាយមួយ ដែលមានតម្លាភាព យុត្តិធម៌ និងសន្តិភាពយូរអង្វែង។ ផ្ទុយទៅវិញ ក្រោមឥទ្ធិពលនៃចរន្តជាតិនិយមជ្រុល និងទស្សនៈចង់បានឧត្តមភាពលើដែនអធិបតេយ្យរបស់កម្ពុជា ក្រុមអ្នកនយោបាយថៃ បែរជាលាបពណ៌ និងចោទប្រកាន់ថា កម្ពុជា កំពុងប្រើប្រាស់សម្ពាធការទូត ដើម្បីទាមទារដែនសមុទ្រត្រួតស៊ីគ្នាទៅវិញ។
ត្បិតតែថៃ មើលឃើញថាជាសម្ពាធ ប៉ុន្តែជំហានត្រៀមលក្ខណៈរបស់ពួកគេ គឺយើងមិនអាចមើលស្រាល ឬប្រហែសបានឡើយ។ ជំនួបដ៏លាក់កំបាំងរបស់ប្រមុខការបរទេសថៃ នៅឯនិវេសនដ្ឋានទូតថៃ នាទីក្រុងប៉ារីស គឺជាសញ្ញាព្រមានថា ថៃ កំពុងសម្រួចអាវុធច្បាប់ ដើម្បីមកជជែកដេញដោលជាមួយកម្ពុជា។ ប្រភពដដែលបានបង្ហើបថា ការរៀបចំផែនការការពារក្តីរបស់ថៃ បានដំណើរការជាស្ងាត់ៗមួយរយៈមកហើយ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីការពារអ្វីដែលពួកគេហៅថា សិទ្ធិ និងផលប្រយោជន៍ជាតិរបស់ថៃ។
ដូច្នេះក្នុងនាមជាម្ចាស់ទឹកដី កម្ពុជា ចាំបាច់ត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់ និងប្រុងប្រយ័ត្នខ្ពស់គ្រប់ជំហាន ដើម្បីការពារដាច់ខាតនូវដែនអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ដ៏បរិសុទ្ធរបស់ពលរដ្ឋគ្រប់គ្នា។
សរុបមកនេះ គឺជាការវិវត្តចុងក្រោយបង្អស់ នៃរបត់នយោបាយព្រំដែនដ៏ក្តៅគគុករវាងកម្ពុជា និងថៃ។ ដើម្បីឱ្យសមរភូមិច្បាប់អន្តរជាតិនេះទទួលបានជោគជ័យ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយ គាំទ្ររាល់ចំណាត់ការរបស់រដ្ឋាភិបាល និងក្រុមអ្នកជំនាញការច្បាប់របស់កម្ពុជា ហើយចៀសវាងការបង្កើតរលកព័ត៌មានមិនពិត ឬសកម្មភាពណាដែលធ្វើឱ្យល្អក់កករដល់កិច្ចខិតខំប្រឹងប្រែងនេះ។ នេះមិនមែនជារឿងលេងសើចទេ តែជារឿងវាសនាជាតិ ដែលទាមទារឱ្យមានការប្រយ័ត្នប្រយែង និងម្ចាស់ការខ្ពស់បំផុត ព្រោះយន្តការច្បាប់អន្តរជាតិ UNCLOS នេះហើយ ជាច្រកចេញដ៏ត្រឹមត្រូវតែមួយគត់ដើម្បីស្វែងរកយុត្តិធម៌ ពន្លត់ភ្លើងជម្លោះ និងធានាបាននូវសន្តិភាពពិតប្រាកដ ដោយគ្មានការបង្ហូរឈាមរវាងប្រជាជាតិទាំងពីរ៕
ដោយៈ ខេមបូណូមីស