
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅពេលមានការបិទច្រកព្រំដែនកម្ពុជា និងថៃ ទាំងស្រុងបែបនេះ ប្រាកដណាស់ការចរាចរទំនិញឆ្លងកាត់ និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងត្រូវបានកាត់ផ្តាច់។ អ្នកជំនាញរូបនេះបានចាត់ទុកការបិទច្រកព្រំដែនទាំងអស់ដោយឯកតោភាគីរបស់ភាគីថៃនេះ គឺភាគីថៃខ្លួនឯងជាអ្នករងការខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មច្រើនជាងកម្ពុជា ដ្បិតថា ទំហំនៃការនាំចេញទំនិញពីកម្ពុជា ទៅថៃ មានចំនួនតិចជាងទំហំដែលថៃ នាំចូលមកកម្ពុជា។ ម្យ៉ាងទៀត ទោះកម្ពុជា មិននាំចូលទំនិញពីថៃ ក៏កម្ពុជានៅមានទីផ្សារផ្សេងដែលអាចនាំចូលមកជំនួស ប៉ុន្តែបញ្ហារបស់ថៃ គឺថា តើអាចរកទីផ្សារនាំចេញថ្មីជំនួសឱ្យទីផ្សារកម្ពុជា បានឬយ៉ាងណា?
ជុំវិញបញ្ហានេះដែរ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនេះ ថៃនឹងអាចខាតបង់ពីកិច្ចពាណិជ្ជកម្មក្នុងរង្វង់ប្រមាណ១៦លានដុល្លារក្នុង១ថ្ងៃ ឬ៥ពាន់លានដុល្លារក្នុង១ឆ្នាំ ដោយមិនគិតពីអ្នកទេសចរ និងអ្នកជំងឺពីកម្ពុជា ចូលទៅប្រទេសថៃ។
ជាមួយគ្នានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ដោយឯកតោភាគីរបស់ថៃ ចង់ ឬមិនចង់វានឹងប៉ះពាល់ទៅដល់កិច្ចពាណិជ្ជកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី ប៉ុន្តែភាគីថៃ ទំនងមានការខាតបង់ច្រើនជាងកម្ពុជា ជុំវិញបញ្ហានេះ។ តែយ៉ាងណា លោក ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា គួរស្វែងរកទីផ្សារឱ្យប្រជាពលរដ្ឋកម្ពុជា ដើម្បីធ្វើយ៉ាងណាបង្វែរការនាំចេញផលិត ដែលខ្លួនធ្លាប់នាំចេញទៅថៃ ទៅកាន់ទីផ្សារផ្សេង។ សម្រាប់អ្នកជំនាញរូបនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគួរតែស្វែងរកដំណោះស្រាយជុំវិញបញ្ហាជម្លោះព្រំដែននេះឱ្យបានប្រសើរ បើមិនដូច្នេះទេបញ្ហានេះនឹងបន្តអូសបន្លាយកាន់តែយូរ និងកើតមានឡើងជាដដែលៗ ជាពិសេសដើម្បីកុំឱ្យបញ្ហាជម្លោះព្រំដែននេះបង្កផលប៉ះពាល់កាន់តែខ្លាំងដល់កិច្ចពាណិជ្ជកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារកើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង៣៩៥លានដុល្លារ ខណៈនាំចូលពីថៃ មកវិញមានជាង១ពាន់៤រយលានដុល្លារ។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៤ពាន់២រយលានដុល្លារកើនឡើងជាង១៤% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំជាង៨៤៤លានដុល្លារអាម៉េរិក ខណៈកម្ពុជា នាំចូលពីថៃ មកវិញ មានទំហំជាង៣ពាន់៤រយលានដុល្លារ៕