សម្រាប់អ្នកជំនាញ ប្រសិនបើ កម្ពុជា អាចបើកទទួលភ្ញៀវទេសចរបរទេសនៅចុងឆ្នាំមែននោះ វាប្រៀបបាននឹងការបើកទំព័រប្រវត្តិសាស្ត្រទេសចរណ៍របស់កម្ពុជា ឲ្យពិភពលោកបានស្គាល់ផងដែរ។ ហើយការបើកនេះទៀតសោត ក៏ជាការត្រៀមផងដែរ សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍អាស៊ាននៅដើមឆ្នាំក្រោយ។
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងស្ទើរគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍ត្រូវបានគេចាត់ទុកជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដ្បិតអាជីវកម្មជាច្រើនក្នុងវិស័យនេះត្រូវបានផ្អាកដំណើរការ ឬបិទទ្វារជាបណ្តោះអាសន្ន ដោយសារខ្សត់ភ្ញៀវទេសចរ។ អាជីវកម្មមួយចំនួនបានបើកដំណើរការ ដើម្បីបន្តដង្ហើមរស់យ៉ាងលំបាកលំប៉ិន។
ដើម្បីជួយស្រោចស្រង់ និងដោះស្រាយបញ្ហាជូនអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ គ្រោងបើកទ្វារតំបន់ទេសចរណ៍ ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាកញ្ចប់នៅចុងឆ្នាំ២០២១ នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
ឯកឧត្តមបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចជាកញ្ចប់នេះ គ្រោងធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នក្រសួងរួមជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល កំពុងធ្វើការងារលើបញ្ហានេះ ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ដើម្បីធានាថា គម្រោងនេះមិនបង្កហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចជាកញ្ចប់របស់ក្រសួងទេសចរណ៍ នៅចុងឆ្នាំ២០២១ នេះ។ លោកជំទាវជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារមួយនេះ ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព ទោះបីបច្ចុប្បន្នពិភពលោក ក៏ដូចជាកម្ពុជាកំពុងរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកជំទាវអះអាងថា ការធ្វើដំណើរកម្សាន្តជាកញ្ចប់មិនបង្កហានិភ័យខ្ពស់នោះទេ ដោយសារភ្ញៀវទេសចរបរទេស ដែលទិញកញ្ចប់មកកម្សាន្តនៅកម្ពុជា គឺស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារទេសចរណ៍កម្ពុជា តាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់។
អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះយល់ថា ប្រសិនបើក្រសួងទេសចរណ៍ អាចបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច តាមការគ្រោងទុកនៅចុងឆ្នាំមែននោះ វាប្រៀបបាននឹងការបើកទំព័រប្រវត្តិសាស្ត្រទេសចរណ៍កម្ពុជាដូច្នេះដែរ។ ការបើកនេះទៀតសោត វាជាឱកាសល្អសម្រាប់កម្ពុជាដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក៏ដូចជាទូងស្គរឲ្យពិភពលោកដឹងថា កម្ពុជាបានបើកតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរបរទេសវិញហើយ។ បន្ថែមលើនេះ វាក៏នឹងជួយរួមចំណែកស្រោចស្រង់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ពាក់ព័ន្ធគម្រោងបើកទទួលភ្ញៀវទេសចរបរទេសជាកញ្ចប់នេះដែរ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងសមត្ថភាពគ្រប់គ្រងការបើកដំណើរការតំបន់ទេសចរណ៍ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបើមើលទៅលើតួលេខអ្នកបានចាក់វ៉ាក់សាំងនៅក្នុងតំបន់អាស៊ានកម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី។ ប៉ុន្តែអ្នកជំនាញរូបនេះសង្កេតឃើញថា អ្វីដែលជាចំណុចខ្វះខាតរបស់កម្ពុជា គឺភាពខ្លាហាន។ លោកអះអាងថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរបស់ក្រសួងទេសចរណ៍ ដែលគ្រោងបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចជាកញ្ចប់នេះ ហើយលោកជឿជាក់កម្ពុជាអាចធ្វើបាន។
គិតមកទល់ពេលនេះមានរយៈពេលជិតពីរឆ្នាំហើយ ដែលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានអុកឡុកវិស័យទេសនៅកម្ពុជា។ វិបត្តិកូវីដ-១៩ បានធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះរងផលប៉ះពាល់យ៉ាងខ្លាំង ដោយមានអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការដោយសារក្ស័យធន ខណៈមួយចំនួនបានបិទទ្វារ ឬផ្អាកដំណើរការបណ្តោះ និងមួយចំនួនទៀតបន្តដង្ហើមរស់យ៉ាងលំបាកលំបិន។ អ្នកជំនាញអះអាងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍នឹងប្រឈមការក្ស័យធនកាន់តែច្រើនប្រសិនបើកម្ពុជាបន្តអូសបន្លាយការបិទទទួលភ្ញៀវទេសចរបរទេសយូរទៀត។
យើងសង្កេតឃើញថា មកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការចំនួន៩ជុំហើយក្នុងការជួយដល់ជនក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាជួយដល់អាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏មានអាជីវកម្មដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ៕