
កម្ពុជា ជឿជាក់ថា បញ្ហាជម្លោះព្រំដែនជាមួយថៃ បើមិនប្រើភាគីទី៣ទេ នឹងមិនអាចដោះស្រាយចប់ឡើយ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ករណីវិវាទនៅតំបន់ដែលមានភាពរសើបទាំងបួនរួមមានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ត្រូវបានកម្ពុជា សម្រេចបញ្ជូនទៅដោះស្រាយនៅតុលាការ ICJ នៅទីក្រុងឡាអេ តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ព្រោះតំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងនៅតែមានភាពរសើប ដែលអាចបង្កភាពតានតឹងគ្រប់ពេលវេលា ប្រសិនបើមិនមានការដោះស្រាយទេនោះ។ កម្ពុជា សង្ឃឹមថា ភាគីថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ ហើយកម្ពុជា បានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។
ពាក់ព័ន្ធនឹងតំបន់រសើបនេះដែរ រដ្ឋាភិបាលថៃ បានចេញមកបដិសេធនឹងសំណើរបស់ភាគីកម្ពុជា ដែលនឹងនាំយកសំណុំរឿងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី បញ្ជូនទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ដើម្បីកាត់ក្ដី ដោយភាគីថៃ សុំត្រឹមដោះស្រាយបញ្ហាទាំងអស់នេះ តាមរយៈយន្ដការទ្វេភាគីដែលមានស្រាប់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនេះនោះទេ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ