វេទិកាពន្ធដារកម្ពុជា

តើវេទិកាពន្ធដារកម្ពុជា ២០២៦ សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ដើម្បីរួមចំណែកជួយលើកកម្ពស់ការគ្រប់គ្រងចំណូលពន្ធ?


វេទិកាពន្ធដារកម្ពុជា ២០២៦ ស្តីពីការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលបានរៀបចំទ្បើងរយៈពេល២ថ្ងៃពីថ្ងៃតី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ បានក្លាយវេទិកាសួរដេញដោលរវាងវិស័យរដ្ឋ និងឯកជន។ គោលបំណងសំខាន់ នៃការរៀបចំវេទិកានេះ គឺដើម្បីពង្រឹងការគ្រប់គ្រងពន្ធ និងលើកកម្ពស់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឯកជនឱ្យស្របតាមច្បាប់ពន្ធដារ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ។
វេទិកាពន្ធដារកម្ពុជា
ដោយ

អគ្គនាយកដ្ឋានពន្ធដារបានរៀបចំវេទិកាពន្ធដារកម្ពុជា ២០២៦ ស្តីពីការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងពន្ធ លើកកម្ពស់វប្បធម៌អនុលោមភាព និងការពិភាក្សាឱ្យស៊ីជម្រៅលើវិស័យសាធារណៈ និងឯកជន។ វេទិកានេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះវាអាចជួយបំភ្លឺទិសដៅកំណែទម្រង់ ការពង្រឹងគោលការណ៍តម្លាភាព និងការលើកកម្ពស់ការធ្វើឌីជីថលនីយកម្មនៅក្នុងប្រព័ន្ធពន្ធដារ។

ក្រោយជជែកដេញដោលគ្នាអស់រយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ វេទិកា ដែលមានការចូលរួមជាអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទបញ្ចប់ដោយសម្រេចបានលទ្ធផលវិជ្ជមានសំខាន់ៗគួរឱ្យកត់សម្គាល់ដូចជាសញ្ញានៃការកែទម្រង់ច្បាស់លាស់, ការពង្រឹងការសន្ទនារវាងវិស័យរដ្ឋ និងឯកជន និងការសង្កត់ធ្ងន់លើបរិវត្តកម្មឌីជីថល ឬ Digital Transformation។

ពាក់ព័ន្ធសញ្ញានៃការកែទម្រង់ច្បាស់លាស់ វេទិកានេះបានបញ្ជាក់ជាថ្មីនូវការផ្តោតការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់រដ្ឋបាលជាជាងការដាក់ចេញបន្ទុកពន្ធថ្មីៗ ដែលនេះជាការបញ្ជូនសញ្ញាវិជ្ជមានទៅដល់បណ្ដាវិនិយោគិន និងសហគមន៍ធុរកិច្ចទាក់ទងនឹងស្ថិរភាពគោលនយោបាយនៅកម្ពុជា។ សម្រាប់ការពង្រឹងការសន្ទនារវាងវិស័យរដ្ឋ និងឯកជនវិញ ការចូលរួមរវាងអាជ្ញាធរពន្ធដារ និងតំណាងធុរកិច្ចបានជួយឱ្យភាគីទាំងពីរយល់ពីគ្នាកាន់តែច្បាស់ ជាពិសេសលើការរំពឹងទុកចំពោះអនុលោមភាព និងការកែលម្អប្រព័ន្ធ។ ចំណែកពាក់ព័ន្ធនឹងការសង្កត់ធ្ងន់លើបរិវត្តកម្មឌីជីថល វេទិកានេះបញ្ជាក់ថា ការបន្តលើកកម្ពស់ប្រព័ន្ធពន្ធរួមបញ្ចូលគ្នា គាំទ្រដល់ប្រសិទ្ធភាពរយៈពេលវែង តម្លាភាព និងការកាត់បន្ថយអន្តរាគមន៍ដោយផ្ទាល់។

យ៉ាងណាមិញវេទិកានេះ ក៏បានលើកឡើងពីចំណុចគួរព្រួយបារម្ភ ឬហានិភ័យមួយចំនួនផងដែរដូចជាទី១, គម្លាតនៃការអនុវត្ត និងការប្រកាស៖ ខណៈដែលទិសដៅយុទ្ធសាស្ត្រមានភាពច្បាស់លាស់ ចំណុចសំខាន់ៗនៃការអនុវត្តដែលអាចវាស់វែងបាន ពេលវេលាកំណត់ និងយន្តការតាមដាន គឺមិនសូវមើលឃើញទេ។ បើគ្មានការតាមដានដែលមានរចនាសម្ព័ន្ធទេ ផលប៉ះពាល់អាចនៅតែផ្អែកលើការយល់ឃើញជាជាងប្រតិបត្តិការជាក់ស្ដែង។ ទី២, បន្ទុកអនុលោមភាពលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)៖ ការពង្រឹងការអនុវត្ត និងការតម្រូវឱ្យរាយការណ៍តាមប្រព័ន្ធឌីជីថល ដែលទោះបីពេលនេះមិនទាន់ទទួលបានការគាំទ្រគ្រប់គ្រាន់នៅឡើយក្ដី ក៏វាអាចដាក់សម្ពាធរដ្ឋបាលរយៈពេលខ្លីទៅលើបណ្ដាអាជីវកម្មធុនតូច។

ទី៣, សង្គតភាពប្រតិបត្តិការ (Operational Consistency)៖ នៅពេលដែលកំណែទម្រង់កាន់តែស៊ីជម្រៅ ការធានាការបកស្រាយ និងការអនុវត្តប្រកបដោយសង្គតភាព ឬ ភាពស៊ីសង្វាក់គ្នាឆ្លងនាយកដ្ឋាន និងក្រុមសវនកម្ម នឹងមានសារៈសំខាន់ណាស់ក្នុងការរក្សាភាពត្រឹមត្រូវ និងទំនុកចិត្ត និងទី៤, កង្វះប្រព័ន្ធផ្ដល់មតិយោបល់៖ យន្តការពិគ្រោះយោបល់ជាផ្លូវការ ឬក្របខ័ណ្ឌតាមដានសកម្មភាពក្រោយវេទិកាអាចពង្រឹងភាពជឿជាក់បន្ថែមទៀត និងបង្ហាញពីការឆ្លើយតបទៅនឹងកង្វល់របស់វិស័យឯកជន។

ជារួមវេទិកាពន្ធដារកម្ពុជា២០២៦ ស្តីពីការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា មានលក្ខណៈស្ថាបនាជាយុទ្ធសាស្ត្រ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណា ភាពជោគជ័យរយៈពេលវែងវាអាស្រ័យលើចំណុចសំខាន់ៗរួមមានផែនការសកម្មភាពច្បាស់លាស់, ការត្រួតពិនិត្យតម្លាភាពនៃវឌ្ឍនភាពកំណែទម្រង់, ការអនុវត្តដែលមានតុល្យភាពជាមួយនឹងការគាំទ្រពីអ្នកជាប់ពន្ធ, សង្គតភាព ឬ ភាពស៊ីសង្វាក់គ្នារបស់ស្ថាប័នក្នុងការអនុវត្ត។ ប្រសិនបើអនុវត្តបានល្អ ទិសដៅនៃវេទិកានេះគាំទ្រដល់ការធ្វើទំនើបកម្ម និងទំនុកចិត្តរបស់វិនិយោគិន។ ប្រសិនបើការតាមដានខ្សោយ លទ្ធផលដែលចេញមកគ្រាន់តែជានិមិត្តរូបច្រើងជាងការផ្លាស់ប្តូរពិតប្រាកដ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោកស្រី សាណេអិ នាយករដ្ឋមន្ត្រីរំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតមុនអាណត្តិ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ត្រូវបានគេរំពឹងយ៉ាងមុតមាំថា​នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ឱ្យទទួលបានការគាំទ្រយ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ