នយោបាយ

សម្តេចធិបតី បកអាក្រាតប្រាប់មេដឹកនាំ CICA ថា ការគេចវេសមិនអនុវត្តយន្តការ JBC របស់ថៃធ្វើឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់បន្តភៀសខ្លួន


សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីផលវិបាកនៃការពន្យារពេលអនុវត្តយន្តការ JBC របស់ថៃ នៅក្នុងកិច្ចប្រជុំកំពូល CICA នៅប្រទេសអាស៊ែបៃហ្សង់។ លោកបានបញ្ជាក់ថា ការយឺតយ៉ាវនេះបានរារាំងពលរដ្ឋខ្មែរជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសំបែងវិញ។
សម្តេចធិបតី
ដោយ

នៅចំពោះមុខមេដឹកនាំប្រទេសធំៗនៅអាស៊ីប្រមាណ៣០ប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារនយោបាយធ្ងន់ៗទៅកាន់អន្តរជាតិថា ព្រំដែន និងអធិបតេយ្យភាពមិនអាចត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតអង្គហេតុបំពាននៅលើដីជាក់ស្តែងបាននោះឡើយ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ទោះបីជាបទឈប់បាញ់រវាងប្រទេសទាំងពីរនៅតែគោរពបាន ប៉ុន្តែស្ថានការណ៍ជាក់ស្តែងនៅមានភាពស្មុគស្មាញ ដោយសារបញ្ហាស្នូលពាក់ព័ន្ធនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានជាធរមាន មិនទាន់ត្រូវបានដោះស្រាយ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះវត្តមានកងទ័ពថៃ ដែលកំពុងបន្តកាន់កាប់តំបន់នៅមួយចំនួនស្ថិតនៅជ្រៅក្នុងអធិបតេយ្យទឹកដីកម្ពុជា។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការខណ្ឌសីមាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលជាយន្តការគន្លឹះសម្រាប់ដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ រួមទាំងសេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួមនៅមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងពលរដ្ឋខ្មែរជាង២០,០០០នាក់ក្នុងការវិលត្រឡប់ទៅផ្ទះសំបែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរឥតកែប្រែទៅកាន់ពិភពលោកថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ហើយកម្ពុជានឹងបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីបានរំលឹកថា ការទូតដោយស្មោះត្រង់ ការកាត់បន្ថយភាពតានតឹង ជាពិសេសការអនុវត្តយន្តការ JBC ឱ្យពិតប្រាកដ គឺជាផ្លូវតែមួយគត់ដើម្បីកសាងទំនុកចិត្ត និងដំណោះស្រាយដ៏យុត្តិធម៌ ប្រកបដោយស្ថិរភាពយូរអង្វែង។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានលើកឡើងពីសារសំខាន់នៃវេទិកា CICA ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់ ដោយបានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវស្មារតីសន្ទនា និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។ គួររំលឹកថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលដ៏សំខាន់ក្នុងតំបន់អាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខ។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧នេះ CICA បានអនុម័តទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជារដ្ឋសមាជិកទី២៩ផ្លូវការផងដែរ៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកគ្រោងបង្កើនការផ្ដល់ហិរញ្ញប្បទានដល់វិស័យរ៉ែសំខាន់ៗ៥ដងនៅ៥ឆ្នាំខាងមុខ

ធនាគារពិភពលោកគ្រោងបង្កើនការផ្ដល់ហិរញ្ញប្បទានដល់វិស័យរ៉ែសំខាន់ៗឱ្យបាន៥ដងក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយកំណត់គោលដៅផ្ដល់ថវិកាចំនួន១៩ពាន់លានដ…

រដ្ឋាភិបាលនានាលើពិភពលោកកំពុងបង្កើនការបោះផ្សាយមូលបត្របំណុលមិនមែនដុល្លារ ដើម្បីកៀរគរទុន

រដ្ឋាភិបាល និងស្ថាប័នសាធារណៈជាច្រើនកំពុងបង្កើនការបោះផ្សាយមូលបត្របំណុលជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាម៉េរិក ដើម្បីធ្វើពិពិធកម្មប្រភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ