ក្នុងចំណោមគម្រោងទាំងនេះ គម្រោងដែលមានភាពលេចធ្លោរួមមាន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីម្តុំផ្សារចាស់-ជ្រោយចង្វា-អរិយក្សត្រ គម្រោងផ្លូវក្រវាត់ក្រុងទី៤ និងការសាងសង់ផ្លូវជាតិថ្មីៗជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជួន កំពុងរៀបចំផែនការអាទិភាពលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៤៤គម្រោង ដែលមានប្រវែងសរុបជាង៣ពាន់៥រយគីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ និងថវិកាវិនិយោគឯកជន។ ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលនឹងគ្រោងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ រួមមានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ចេញពីម្តុំផ្សារចាស់ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វា ហើយបន្តទៅអរិយក្សត្រ ដោយឆ្លងកាត់ទន្លេមេគង្គ និងគម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ជាដើម។
យ៉ាងណាមិញ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤, គម្រោងស្ថាបនាផ្លូវជាតិលេខ៧០បេ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ ចាប់ពីផ្លូវជាតិលេខ២១ ដល់ផ្លូវជាតិលេខ៤, គម្រោងសាងសង់ផ្លូវជាតិ បាត់ដំបង-សៀមរាប ប្រវែង ៧២គីឡូម៉ែត្រ និងគម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៨ ជាដើម គឺសុទ្ធសឹងតែជាគម្រោងដែលមានភាពលេចធ្លោក្នុងចំណោមគម្រោងផែនការអាទិភាពសាងសង់ជាង៤០គម្រោងនៅឆ្នាំនេះ។
ពាក់ព័ន្ធគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់រាជដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់។ តាមរយៈគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានគេរំពឹងថា មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់ប្រជាពលរដ្ឋរវាងរាជធានីភ្នំពេញ និងអរិយក្សត្រប៉ុណ្ណោះទេ ថែមទាំងជាចលករដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យទៅសម្លឹងឱកាសវិនិយោគនៅតំបន់អរិយក្សត្រទៀតផង។
គួររំលឹកថា គម្រោងស្ពានមិត្តភាពនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៤៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានរបស់សាធាររណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលតាំងពីចុងឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកវិស័យសាធារការ និងដឹកជញ្ជូន គឺជាផ្នែកមួយ នៃអាទិភាពគន្លឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការតភ្ជាប់ឱ្យមានភាពប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់ ដើម្បីធានាប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក៕
អត្ថបទ សោម ស្រីពេជ្រ