វិស័យអាកាសចរណ៍

កម្ពុជានឹងដាក់ឱ្យដំណើរការយន្តហោះ C909 ផលិតដោយក្រុមហ៊ុនចិន នៅពាក់កណ្តាលឆ្នាំក្រោយ


ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia) នឹងដាក់បញ្ចូលយន្តហោះរបស់ក្រុមហ៊ុនសាជីវកម្មចិន COMAC ប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ដែលជាផ្នែកមួយ នៃការគាំទ្រដល់ការធ្វើទំនើបកម្មកងយន្តហោះរបស់ខ្លួន សម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនខ្លួនបានយល់ព្រមទិញយន្តហោះ C909 ចំនួន២០គ្រឿង កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
វិស័យអាកាសចរណ៍
ដោយ

នាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានសម្រេចនឹងដាក់បញ្ចូលយន្តហោះរបស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC របស់ចិន ប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ដែលជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើទំនើបកម្មកងយន្តហោះ (fleet) របស់ខ្លួនសម្រាប់រយៈពេលវែងប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កិច្ចសហប្រតិបត្តិការខាងលើនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន និងជាការគាំទ្រអាទិភាព នៃការអភិវឌ្ឍន៍រួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ឆ្នាំ២០៣០។ បន្ថែមលើនេះ វាជាតម្លៃបន្ថែមដល់ការពង្រឹង និងការពង្រីកការតភ្ជាប់ផ្លូវអាកាស, លំហូរពាណិជ្ជកម្ម, ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងនៅទូទាំងតំបន់មេគង្គ-ឡានឆាង។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអបអរសាទរដល់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងឧស្សាហកម្មផលិតយន្តហោះស៊ីវិល លំដាប់ពិភពលោកគួរឱ្យចាប់អារម្មណ៍ និងការបង្ហាញទំនុកចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះប្រភេទគ្រួសារយន្តហោះរបស់ក្រុមហ៊ុន COMAC។

លោក ហើ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia) និងជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលឈានមុខគេក្នុងការប្រើប្រាស់យន្តហោះប្រភេទ C909 នៅក្នុងតំបន់។

គួរជម្រាបថា ភាពជាដៃគូនេះត្រូវបានបន្តលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឈិនចូវ ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានយល់ព្រមទិញយន្តហោះ C909 ចំនួន២០គ្រឿង ដោយក្នុងនោះចំនួន១០គ្រឿងជាការទិញជាក់លាក់ និង១០គ្រឿងទៀតជា«សិទ្ធិទិញ» ដែលអាចអនុវត្តបាននាពេលក្រោយស្របតាមលក្ខខណ្ឌ ដែលនឹងព្រមព្រៀងរួមគ្នា៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះវិស័យមួយចំនួន ដែលកំពុងជួបការលំបាក

រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការយកពន្ធលើចំណេញមូលធនក្នុងអត្រា២០% ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបានពន្យារពេលអនុវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ