កម្ពុជា-អង់គ្លេស ចុះហត្ថលេខាលើ MoU

កម្ពុជា-អង់គ្លេស ចុះហត្ថលេខាលើ MoU ស្តីពីការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ត្រី (គ.ក.វ.ផ.ល.)។
កម្ពុជា-អង់គ្លេស ចុះហត្ថលេខាលើ MoU
ដោយ

​​​ ដោយបានអញ្ជើញចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA)នៅកម្ពុជា» រវាងទីស្តីការគណៈរដ្ឋមន្ត្រី ​និងក្រសួងការបរទេសកំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសនិងអៀរទ្បង់ខាងជើង ដែលតំណាងដោយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជា
ណាចក្រកម្ពុជា។

​កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី, ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច, ឯកឧត្ដម លោកជំទាវ អនុប្រធាន ​សមាជិក នៃ គ.ក.វ.ផ.ល., ឯកឧត្ដម លោកជំទាវ
លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្ដីការគណៈរដ្ឋមន្រ្តីជាច្រើនរូប។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារប្រជាជន ធានានូវស្តង់ដានានា សម្រួលសកម្មភាពក្នុងវិស័យឯកជន និងធានាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តទៀតថា ការចូលរួមរបស់ចក្រភពអង់គ្លេស​ ក្នុងគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគាំទ្រដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលនឹងជួយគាំទ្រដល់ការពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋឱ្យកាន់តែខ្លាំង ជាពិសេសកិច្ចសហការនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងរឹងមាំ រវាងចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា អនុស្សរណៈនៃ ការយោគយល់គ្នា (MoU) នេះ គឺជាការបោះជំហានឆ្ពោះទៅរកការសម្រេចបា​ននូវបង្គោលចរយ៉ាងសំខាន់មួយក្នុងរបៀបវារៈ​នៃការកែទម្រង់រប​ស់​រាជរដ្ឋាភិបាលកម្ពុជា, លើកកម្ពស់ការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាន
គតិយុត្ត និងឯកសារគតិយុត្តផ្សេងទៀត ប្រកប​ដោយភាពឆ្លាតវៃ និងកសាងស្ថាប័នឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើតបរិយាកាសសមស្រប ដើម្បី​​គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងភាតរបរិស្ថាន (Climate Friendly)។ ជាការពិត MoU នេះ នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រសួង ស្ថាប័នចំនួនបួន តាមរយៈការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការរៀបចំថ្នាលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) សម្រាប់ការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងឯកសារគតិយុត្តផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ការងារ RIA ត្រូវបានរៀបចំឡើង ដើម្បីធានាថា ការរៀបចំឯកសារគតិយុត្តនានាមានសង្គតិភាព, បញ្ចៀសការជាន់សមត្ថកិច្ចគ្នា ឬបង្កើតបន្ទុកអនុលោមភាពច្រើនហួសហេតុ, កាត់បន្ថយបន្ទុកចំណាយមិនចាំបាច់, បង្កើតនូវ Level Playing Field ដែលយុត្តិធម៌ និងទុកចិត្តបានសម្រាប់ធុរកិច្ចនិងការវិនិយោគ, បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស និងផ្ដល់នូវប្រយោជ​​​ន៍ដល់​សង្គម-សេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងជាក់ស្តែងនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាល​កម្ពុជាបានដាក់ចេញសេចក្តីសម្រេចលេខ១៣២ នៅឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន ដែលមានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានតួនាទីបណ្តុះបណ្តាល ផ្តល់យោបល់ជូនក្រសួង ​ស្ថាប័ន លើការអនុវត្ត RIA​ ហើយការងារ RIA នេះ មិនមែនថ្មីទាំងស្រុងនោះទេ តែជាការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងស្ថាប័នូបនីយក​ម្ម RIA។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ប្រាកដនិយម និងគតិ​​បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ និងបានដាក់ចេញនូវអនុក្រឹត្យលេខ១៧០ ស្ដីពីការអនុវត្តគោលការណ៍ណែនាំស្ដីពី «នីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បា​ប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត» កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលតម្រូវឱ្យរាល់ការតាក់តែងឯកសារគតិយុត្តនានា ត្រូវឆ្លងការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ និងមានការវាយតម្លៃលើផលប៉ះពាល់ក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ តាមរយៈកិច្ចការដ៏សំខាន់នេះ គឺមានគោលដៅធានាឱ្យច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា មានសង្គតិភាព ប្រសិទ្ធភាព អាចជឿជាក់បាន និងសមធម៌ ស្របតាមបរិបទប្រទេសកម្ពុជា និងឧត្តមានុវត្តន៍អន្តរជាតិ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការអបអរសាទរចំពោះក្រសួងការបរទេស កំមិនវ៉ែល (Commonw​ealth) និងអភិវឌ្ឍន៍​នៃចក្រភពអង់គ្លេស និងស្ថានទូតចក្រភពអង់គ្លេ​សប្រចាំប្រទេសកម្ពុជា សម្រាប់​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ និង​ភាពជា​ដៃគូ​ក្នុង​ដំណើរការនៃការកែទម្រង់​របស់​កម្ពុជា និងអរគុណដល់សហការីនៅក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ និងជាពិសេសក្រុមការងារ​ RIA ដែលបា​នខិតខំបំពេញការងារកន្លងមករហូតដល់ទទួលបានការចុះហត្ថលេខាលើ MoU នាថ្ងៃនេះ។




អត្ថបទបន្ទាប់


លោក អេឡន ម៉ាស់ រអិលធ្លាក់ចេញពីតំណែងជាអ្នកមានបំផុតនៅលើពិភពលោកអស់៣ម៉ោង

តំណែងកំពូលមហាសេដ្ឋីមានបំផុតរបស់លោក អេឡុន ម៉ាស់ ម្ចាស់ក្រុមហ៊ុន Tesla បានរអិលធ្លាក់ចេញ ដែលជំនួសដោយលោក ឡារី អេលីសុន (Larry Ellison…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ