វិស័យពាណិជ្ជកម្ម

តើមានទឡ្ហីករណ៍អ្វីខ្លះធ្វើឱ្យអ្នកជំនាញវាយតម្លៃថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នឹងអាចវិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ?


ភាពតានតឹងរវាងកម្ពុជា និងថៃ បានអូសបន្លាយអស់រយៈពេលជាង១ខែហើយ ចាប់តាំងពីយោធាថៃ បានឆ្មក់ចូលបាញ់ប្រហារបណ្តាលឱ្យយោធាខ្មែរម្នាក់ពលីជីវិតនៅលើទឹកដីកម្ពុជា ក្បែរខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ជម្លោះមុំ៣។ ការអូសបន្លាយភាពតានតឹងនេះ បានធ្វើឱ្យការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសត្រូវបានរាំងស្ទះ ក្រោយយោធាថៃ ប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

ផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់ថៃ នាពេលបច្ចុប្បន្ន អ្នកជំនាញជឿជាក់ថា ប្រទេសថៃនឹងស្វែងរកវិធីដោះស្រាយជាមួយកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ខណៈការបិទច្រកទ្វារព្រំដែននេះអាចធ្វើឱ្យប្រទេសថៃ ខាតបង់ច្រើនជាងកម្ពុជា។​

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា ភាពតានតឹងរវាងកម្ពុជា និងថៃ ទំនងជាមិនអាចឈានដល់ជម្លោះពាណិជ្ជកម្មទ្វេភាគីទាំងស្រុងនោះទេ ហើយបញ្ហានេះ ក៏ទំនងជាមិនអាចកើតឡើងយូរទៀតនោះដែរ ព្រោះភាពតានតឹងរហូតឈានដល់ការបើក និងបិទច្រកទ្វារព្រំដែនជាឯកតោភាគីនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ច្រើនជាងកម្ពុជា។ ជាក់ស្ដែងផលប៉ះពាល់ពាណិជ្ជកម្មនេះ បានធ្វើឱ្យពលរដ្ឋថៃ ចេញមកតវ៉ាទាមទារឱ្យរដ្ឋាភិបាលថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។ ការណ៍នេះធ្វើឱ្យអ្នកឧកញ៉ា ហ៊ុន ឡាក់ ជឿជាក់ថា វានឹងជំរុញឱ្យអាជ្ញាធរថៃ ត្រូវស្វែងរកដំណោះស្រាយជាមួយកម្ពុជា ព្រោះមិនអាចបណ្តែតបណ្តោយឱ្យការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា​ បន្តអូសបន្លាយពេលយូរទៀតនោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ភាពតានតឹងរវាងកម្ពុជានិងថៃ នឹងពុំអាចឈានដល់ជម្លោះពាណិជ្ជកម្មទ្វេភាគីនោះទេ ដោយសារតែប្រទេសថៃ អាចមើលឃើញពីផលប្រយោជន៍ធំក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ភាពតានតឹងដែលបង្កឡើងដោយភាគីថៃ ​ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះវាយតម្លៃថា កំពុងមានសញ្ញាធូរស្រាល ហើយវាអាចនឹងវិលមករកប្រក្រតីឡើងវិញក្នុងអំឡុងខែកក្កដា នេះ ប្រសិនបើស្ថានការណ៍នយោបាយនៅថៃ ត្រូវបានដោះស្រាយរួចរាល់។

ពាក់ព័ន្ធភាពតានតឹងរវាងកម្ពុជា និងថៃនេះដែរ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ដោយហាមមិនឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចេញចូល ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃ បានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃបាន បិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។ ការដាក់ចេញចំណាត់ការដ៏តឹងរ៉ឹងនេះ ដើម្បីឆ្លើយតបនឹងសំណើររបស់ភាគីថៃ ដែលស្នើសុំឱ្យកម្ពុជា បើកច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្លួន។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារ កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានជាង៣៩៥លានដុល្លារ ខណៈនាំចូលពីថៃ មកវិញ មានជាង១ពាន់៤រយលានដុល្លារ។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៤ពាន់២រយលានដុល្លារកើនឡើងជាង១៤% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំជាង៨៤៤លានដុល្លារអាម៉េរិក ខណៈកម្ពុជា នាំចូលពីថៃមកវិញ មានទំហំជាង៣ពាន់៤រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តម្លៃសំបុត្រយន្តហោះពីថៃ មកកម្ពុជា ហក់ឡើងចន្លោះពី៥០% ទៅ១០០% ក្រោយប្រទេសទាំងពីរបិទច្រកព្រំដែនគោក

ចាប់តាំងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹង និងឈានទៅដល់ការបិទច្រកព្រំដែនទាំងអស់នៃប្រទេសទាំងពីរ អ្នកជំនាញក្នុងវិស័យទេសចរ…

អ្នកជំនាញចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកម្ពុជា ជាឱកាសក្នុងការធ្វើពិពិធកម្មទីផ្សារប្រេង ក្រោយកម្ពុជា បិទការនាំចូលពីថៃ

លោក ឡរ៉ែន វង់ (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ