ផលិតផលថៃ

តើការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរមួយរយៈមកនេះមានប្រសិទ្ធភាពយ៉ាងណាដែរ?


ការធ្វើពហិការមិនប្រើប្រាស់ទំនិញមានប្រភពមកពីប្រទេសថៃ របស់ពលរដ្ឋខ្មែរនៅមួយរយៈកន្លងមកនេះហាក់មិនទាន់ចំទំនិញយុទ្ធសាស្រ្តរបស់ថៃ នៅឡើយទេ ដែលកត្តានេះបានធ្វើឱ្យក្រុមហ៊ុនថៃ ធំៗចេញមកអះអាងថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ខ្លួនធ្ងន់ធ្ងរនោះទេ។
ផលិតផលថៃ
ដោយ

អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានស្ថានការណ៍សង្គមកត់សម្គាល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរមួយរយៈកន្លងមកនេះហាក់មិនទាន់ចំគោលដៅទំនិញយុទ្ធសាស្រ្តរបស់ថៃ នោះទេ នេះអាចដោយសារទំនិញទាំងនោះពលរដ្ឋខ្មែរពិបាកក្នុងការធ្វើពហិការ និងដោយសារប្រជាពលរដ្ឋមានពិបាកក្នុងការបែងចែកទំនិញណាជារបស់ថៃ និងទំនិញណារបស់ប្រទេសផ្សេង។ ទន្ទឹមនឹងនេះអ្នកជំនាញ ស្នើឱ្យរដ្ឋាភិបាលបង្កើនបរិយាកាសទាក់ទាញអ្នកវិនិយោគបរទេសឱ្យបានច្រើនបន្ថែមទៀត ដើម្បីជំរុញការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជា ហាក់រងការប៉ះទង្គិចផ្លូវចិត្ត និងឈឺចាប់ខ្លាំងចំពោះការឈ្លានពានរបស់ថៃ មកលើកម្ពុជា ​​ពីព្រោះថៃ ហាក់មានបំណងធ្វើសង្គ្រាមវាយយកប្រទេសកម្ពុជា ទាំងមូល ដោយប្រើអាវុធធុនធ្ងន់។ លោកបណ្ឌិតសង្កេតឃើញថា ពលរដ្ឋហាក់មិនអាចបែងចែកផលិតផលណាជារបស់ថៃ ស្របពេលមានទំនិញយុទ្ធសាស្រ្តរបស់ថៃ ជាច្រើនទៀត កំពុងប្រើប្រាស់ជាប្រចាំថ្ងៃដូចជាផ្សារទំនើបធំៗ ផលិតផលគ្រឿងចក្រ និងជីថ្នាំគីមីកសិកម្មជាដើម ដែលជាឫសគល់ នៃសេដ្ឋកិច្ចថៃ ខណៈទំនិញយុទ្ធសាស្រ្តរបស់ថៃ ទាំងនេះ បានធ្វើឱ្យពលរដ្ឋខ្មែរមានភាពលំបាកក្នុងការធ្វើពហិការ។ ដើម្បីជាការឆ្លើយតបជាមួយការឈឺចាប់របស់ពលរដ្ឋ លោកបណ្ឌិត យល់ថា អ្នកជំនួញធំៗ ក៏ដូចជាភាគីពាក់ព័ន្ធគួរតែងាកទៅផ្លាស់ប្ដូរខ្សែច្រវាក់ផលិតកម្ម និងគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញថា ខ្មែរអាចខ្វះថៃបាន និងមិនឱ្យថៃ ប្រមាថមើលងាយបានបន្តទៀត។

​ជាមួយគ្នានេះលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ សង្កេតឃើញថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរមិនប្រើប្រាស់ទំនិញរបស់ថៃនេះ ហាក់ធ្វើឡើងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមានការចូលរួមពីអាជ្ញាធររដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធចូលទៅជួយខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញការផលិតក្នុងស្រុក លើកកម្ពស់ផលិតផលក្នុងស្រុក និងដាក់ចេញវិធានការសង្គ្រោះសហគ្រិនធុនតូច និងមធ្យម តាមរយៈគាំទ្រផ្នែកថវិកា ដើម្បីឱ្យអ្នកផលិតក្នុងស្រុកពង្រីងសមត្ថភាពឆ្លើយតបនឹងតម្រូវការក្នុងស្រុក។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ថៃ ហាក់វិនិច្ឆ័យកម្ពុជាថា ជាប្រទេសដែលមានតម្រូវការនាំចូលទំនិញពីក្រៅស្រុកយកមកផ្គត់ផ្គង់ ដូច្នេះថៃ កំពុងមានវិធីសាស្រ្តដាក់សម្ពាធ ដើម្បីឱ្យកម្ពុជា ចុះញ៉មជាមួយខ្លួន ព្រោះខ្លួនជាប្រទេសអ្នកផលិត ដែលកត្តានេះអ្នកជំនាញរូបនេះ ស្នើដល់រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បង្កើនបរិយាកាសទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបោះទុនវិនិយោគក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត។

​ស្រដៀងគ្នានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ទោះបីថៃ ខ្លួនឯងអះអាងថា មិនមានផលប៉ះពាល់យ៉ាងក៏ដោយ។ អ្នកជំនាញរូបនេះបានអះអាងថា កម្ពុជា បានប្រើប្រាស់ទំនិញយុទ្ធសាស្រ្តរបស់ថៃ ជាច្រើនមុខ ដែលបានក្លាយជាទម្លាប់ នៅមុនពេលថៃ ឈ្លានពានលើកម្ពុជា ដែលកត្តានេះ កម្ពុជា អាចនឹងជួបការលំបាកក្នុងរយៈពេលខ្លីនៅពេលផ្ដាច់ទំនិញយុទ្ធសាស្រ្តថៃ តែយ៉ាងណាកម្ពុជា ក៏អាចជំនួសមកវិញដោយទំនិញយុទ្ធសាស្រ្តពីប្រទេសផ្សេងផងដែរ។

​សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ២ពាន់៤រយលានដុល្លារ ធ្លាក់ចុះ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៩រយលានដុល្លារ។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើទីផ្សារសត្វក្រពើនៅកម្ពុជា មានស្ថានភាពបែបណា ក្រោយបាននាំចេញលើកដំបូងទៅកាន់ទីផ្សារចិន?

ចំនួនអ្នកចិញ្ចឹមសត្វក្រពើនៅកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីតម្លៃក្រពើបានធ្លាក់ចុះហៅលែងលឺនៅអំឡុងវិបត្…

តើនៅក្នុងរយៈពេលជាង១ឆ្នាំនៃការឡើងកាន់អំណាច លោកស្រី ផែថងថាន បានជួបបញ្ហាអ្វីខ្លះ?

អនាគតកៅអីនាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាចរក្សាបានគង់វង្សឬអត់ វាអាស្រ័យលើការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ។ ប្រសិនបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ